ប្រែសម្រួល : កញ្ញាដាលីស (SCMP) ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថាមីស៊ីលការពារដែនអាកាសចល័តថ្មីរបស់ចិនបានបង្ហាញពីសមត្ថភាពឈានមុខគេលើពិភពលោកក្នុងការញែកដាច់គោលដៅបោកបញ្ឆោត និងវាយប្រហារលើគោលដៅពិតប្រាកដក្នុងអំឡុងពេលបាញ់សាកល្បង។
QW-12 គឺជាមីស៊ីលផលិតក្នុងស្រុក ដែលរចនាឡើងដើម្បីទប់ទល់នឹងឧទ្ធម្ភាគចក្រ ដ្រូន និងមីស៊ីលដែលកំពុងហោះចូលមក។មីស៊ីលនេះបានបង្ហាញភាពត្រឹមត្រូវក្នុងការចាប់បានគោលដៅដ្រូនក្នុងចំណោមកាំជ្រួចភ្លើងបញ្ឆោតចំនួនប្រាំបីនៅក្នុងវីដេអូគ្មានកាលបរិច្ឆេទមួយ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយទូរទស្សន៍រដ្ឋ CCTV ។
របាយការណ៍ CCTV បាននិយាយថា “មីស៊ីលរបស់យើងមិនត្រូវបានរំខានដោយការបោកបញ្ឆោតទាល់តែសោះ ហើយបានបាញ់ចំគោលដៅ។ មិនទាន់មានមីស៊ីលប្រភេទនេះនៅលើពិភពលោកនៅឡើយទេដែលបង្ហាញជាសាធារណៈនូវសមត្ថភាពបែបនេះ”។
នៅក្នុងវីដេអូនៃការសាកល្បង មីស៊ីល QW-12 ត្រូវបានដំណើរការដោយមនុស្សចំនួនបីនាក់ ជាមួយជើងទម្របាញ់ដាក់នៅលើដីគោក។ បន្ទាប់ពីវាត្រូវបានបញ្ជូនទៅលើមេឃដោយប្រធានប្រតិបត្តិករ មីស៊ីលនេះបានបញ្ឆេះម៉ាស៊ីនមេរបស់វា ដើម្បីបង្កើនល្បឿន ខណៈដែលវាដេញតាមសញ្ញាអ៊ីនហ្វ្រារ៉េដនៃគោលដៅ។
កាំជ្រួចភ្លើងបោកបញ្ឆោតត្រូវបានបញ្ចូនចេញនៅពេលដែលមីស៊ីលការពារដែនអាកាសហោះទៅជិតដ្រូនគោលដៅហើយក៏មានការបញ្ជូនឧទ្ធម្ភាគចក្រវាយប្រហារក្លែងក្លាយដោយប្រើត្រាប់តាមសញ្ញាអ៊ីនហ្វ្រារ៉េដផងដែរ ដើម្បីឱ្យច្រឡំជាមួយមីស៊ីលដែលហោះចូលមក។ ប៉ុន្តែវីដេអូឃ្លីបបានបង្ហាញថា មីស៊ីល QW-12 មិនអើពើនឹងការបោកបញ្ឆោតឡើយ ហើយបានបំបុកកម្ទេចដ្រូនបានយ៉ាងត្រឹមត្រូវ។
ក្រៅពីគោលដៅយឺតនៃដ្រូន ការបាញ់សាកល្បងនេះក៏រួមបញ្ចូលការស្ទាក់ចាប់យ៉ាងជាក់លាក់របស់មីស៊ីល QW-12 លើគ្រាប់រ៉ុក្កែត១២២មិល្លីម៉ែត្រផងដែរ ដែលមានចលនាលឿនដែលគេប្រើដើម្បីតំណាងឱ្យមីស៊ីល ឬយន្តហោះ។
របាយការណ៍របស់ CCTV បាននិយាយថា គោលដៅល្បឿនលឿនត្រូវបានបាញ់កម្ទេចដោយមីស៊ីល QW-12 ដោយសារឧបករណ៍បំផ្ទុះឡាស៊ែរកៀករបស់វា ដែលត្រូវបានជំរុញឱ្យផ្ទុះឡើងនៅពេលដែលមីស៊ីល QW-12 ផ្លាស់ទីទៅជិតគ្រាប់រ៉ុក្កែត ដោយបង្កើតបានជារលកឆក់។
វីដេអូនេះបានបង្ហាញថា ប្រព័ន្ធ Sensor មួយត្រូវបានភ្ជាប់ទៅនឹងជើងទម្របាញ់។ របាយការណ៍និយាយទៀតថា ឧបករណ៍ Sensor កំពុងត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យពីលំហាត់សមយុទ្ធនេះសម្រាប់ការវិភាគបន្ថែមទៀត៕
QW-12 គឺជាមីស៊ីលផលិតក្នុងស្រុក ដែលរចនាឡើងដើម្បីទប់ទល់នឹងឧទ្ធម្ភាគចក្រ ដ្រូន និងមីស៊ីលដែលកំពុងហោះចូលមក