ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២ នេះថា ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនមានសារៈសំខាន់ណាស់ ។គឺបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ពីព្រោះលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងបង្ហាញឲ្យឃើញពីការផ្តល់តម្លៃខ្ពស់ពីសំណាក់ប្រទេសជប៉ុនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ហើយដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុនកាន់តែមានការរីកចំរើនកាន់តែរឹងមាំថែមទៀត។
រូបថតៈលោក ហ៊ុន ម៉ាណែត ត្រូវបានស្វាគមន៍ដោយលោកនាយករដ្ឋមន្រ្តីជប៉ុន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន
លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ពីអំឡុងឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្នលោកបណ្ឌិត ហ៊ុន ម៉ាណែត អាចចាត់ទុកថា ជាអ្នកបន្តវេនតែមួយគត់ដែលបំពេញទស្សនកិច្ចផ្លូវការច្រើនជាងគេទៅកាន់ប្រទេសជប៉ុន ហើយក៏ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនច្រើនរូបផងដែរ។ លោកគិតថា មានសារៈសំខាន់សម្រាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលលោកបណ្ឌិតកាន់តួនាទីសំខាន់នាពេលបច្ចុប្បន្ន ហើយក៏ជាអ្នកត្រូវបន្តវេនក្នុងការដឹកនាំប្រទេសកម្ពុជាផងដែរ។
លោកបន្ថែមថា ដំណើរទស្សនកិច្ចនេះ គឺពិតជារួមចំណែកយ៉ាងសំខាន់ជាវិជ្ជមានក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាថប្រទេសទាំងពីរ។ ជប៉ុនផ្តល់តម្លៃខ្ពស់ចំពោះវត្តមានលោកបណ្ឌិត ហ៊ុន ម៉ាណែត។ការរៀបចំដំណើរទស្សនកិច្ច និងរបៀបបដិសណ្ឋាកិច្ចដែលប្រទេសជប៉ុនធ្វើសម្រាប់ទទួលលោកបណ្ឌិត ហ៊ុន ម៉ាណែត គឺបានបង្ហាញឲ្យឃើញពីកម្រិតនៃទំនាក់ទំនង និងការផ្តល់តម្លៃខ្ពស់។លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជួបជាមួយឥស្សរជនសំខាន់ៗ ជាច្រើននៃប្រទេសជប៉ុន រាប់ចាប់តាំងពីរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ រហូតដល់នាយករដ្ឋមន្ត្រីជប៉ុន នជសបញ្ជាក់ឲ្យឃើញថា ទស្សនកិច្ចនេះ គឺមានសារៈសំខាន់ណាស់។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា(រូបថតឯកសារ)
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយដែលយើងឃើញតាមរយៈជំនួបរបស់ឯកអគ្គរាជទូតជប៉ុននាពេលកន្លងមកជាមួយសម្តេចតេជោ ហ៊ុន សែន ក៏ឯកអគ្គរាជទូតបានជម្រាបជូនសម្តេចតេជោថា ប្រទេសជប៉ុនមានបំណងអញ្ជើញលោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ហើយក្រោយមកឃើញថា អ្វីដែលបានលើកឡើងដោយឯកអគ្គរាជទូតជប៉ុនក៏ក្លាយជាការពិត។ទន្ទឹមនឹងនោះវាអាចបញ្ជាក់ឲ្យឃើញអំពីការគាំទ្រ ការសាទររបស់ប្រទេសជប៉ុនចំពោះបេក្ខជននាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នាពេលអនាគត ដែលអាចចាត់ទុកថា ជាចំណុចចាប់ផ្តើមដ៏មានសារៈសំខាន់ នៃលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងតួនាទីជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចការអន្តរជាតិ ។ គេហៅថា ទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយនឹងប្រទេសផ្សេងៗ។អាចចាត់ទុកថា ជប៉ុនជាប្រទេសទី១ ដែលយកចិត្តទុកដាក់នៅបេក្ខជននាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជានាពេលអនាគតនេះ”។
គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជា ជាតិ៕ សរន