ដោយៈ ស៊ា ថាំង / ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសអោយដឹងថា ក្រសួងនឹងរៀបចំវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ដូចរាល់ឆ្នាំ កន្លងមក នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២២ ស្អែកនេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ដើម្បីធ្វើការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ ដល់សាធារណជនទូទៅ បានស្វែងយល់លំអិត អំពីការគ្រប់គ្រង ម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២២ បន្ថែមទៀត។
វេទិកាសាធារណៈនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួម ពីតំណាងក្រសួង-ស្ថាប័ននានា, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និងយុវជនផងដែរ។
គួរបញ្ជាក់ដែរថា ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ឬច្បាប់ថវិកា ឆ្នាំ២០២២ ត្រូវបានរដ្ឋសភា ផ្តល់ការអនុម័ត កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦ និងត្រូវបានព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់ លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ហើយត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើដោយ ព្រះរាជក្រម ចុះថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២១ ៕/V