ដោយៈ មុនីរ័ត្ន/ភ្នំពេញៈកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះប្រារព្ធនៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តទៅដោយរលូននិងបានបិទបញ្ចប់ហើយ។ អ្វីដែលរដ្ឋមន្ត្រីការបរទេសបានផ្តោតជាសំខាន់ក្នុងកិច្ចប្រជុំនេះ គឺការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ១៩ និងបញ្ហាមីយ៉ាន់ម៉ា រួមទាំងបានពិនិត្យទៅលើការងារសំខាន់ៗមួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថ្លែងនៅក្នុងសន្និសីទកាសែតបន្ទាប់ ពីចប់កិច្ចប្រជុំថា អ្វីដែលរដ្ឋមន្ត្រីការបរទេសបានផ្តោតជាសំខាន់ គឺការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ១៩ និងបានពិនិត្យច្រើនអំពីភាពចាំបាច់នៅក្នុងការជំរុញការអនុវត្តនូវការស្តារឡើងវិញខាងផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន។
លោកបន្តថា ក៏មានការលើកឡើងអំពីការជំរុញធ្វើយ៉ាងម៉េចឲ្យបើកការចរាចរណ៍នៅប្រទេសក្នុងអាស៊ាន គឺដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចឲ្យរស់ឡើងវិញ។ ប្រទេសជាច្រើននៅក្នុងអាស៊ានពឹងផ្អែកទៅលើទេសចរណ៍ ប៉ុន្តែមិនមែនតែទេសចរណ៍សុទ្ធទេ។ ប៉ុន្តែប្រសិនជាមិនបានធ្វើដំណើរទៅវិញទៅមក គឺធុរកិច្ច និងការរកស៊ីផ្សេងៗទៀតក៏វាពិបាកដែរ ។នេះជាបញ្ហាធំទី១។ បញ្ហាធំទី២ យកចិត្តទុកដាក់ទៅលើការពង្រឹងសមត្ថភាពស្ថាប័នរបស់អាស៊ាន ព្រោះអាស៊ានក្នុងរយៈពេល ៥៥ឆ្នាំមកនេះ គឺមានគេចង់ក្លាយជាដៃគូច្រើនរបស់អាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ានបច្ចុប្បន្ន គឺមានដៃគូយុទ្ធសាស្ត្រជ្រុងជ្រោយចំនួនពីរ គឺប្រទេសអូស្ត្រាលី និងចិនខណៈដែលមានបណ្ដាប្រទេសផ្សេងផ្សេងទៀតក៏ចង់ដំឡើងជាឋានៈដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ានដែរដូចជា សហអាម៉េរិក ឥណ្ឌា និងកូរ៉េខាងត្បូងជាដើម។
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានអះអាងថា បញ្ហាមីយ៉ាន់ម៉ាក៏បានជជែកគ្នាច្រើនដែរ ។ប៉ុន្តែជជែកគ្នាក្នុងនាមគ្រួសារអាស៊ាន គឺអាស៊ានចង់ជួយមីយ៉ាន់ម៉ាឲ្យរួចចាកផុតពីវិបត្តិ ។វិបត្តិនៅមីយ៉ាន់ម៉ាវាក្លាយទៅជាវិបត្តិនយោបាយ វិបត្តិសន្តិសុខ រាលដាលទៅដល់វិបត្តិសេដ្ឋកិច្ច ហើយសុខាភិបាលក៏ខ្លាំងដែរ។ ប្រទេសស្ថិតនៅក្នុងការឈ្លោះគ្នាបែបនេះ គឺបញ្ហាទាំងអស់នោះវាអាចរាលដាលដល់សេដ្ឋកិច្ចដល់សង្គម។ ជាក់ស្តែងអំពីបញ្ហាមនុស្សធម៌ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ គឺមានជនភៀសខ្លួន អ្នកដែលខ្វះទីលំនៅរហូតទៅដល់ ៤០០ពាន់នាក់ និងជនភៀសខ្លួនទៅជ្រកកោននៅប្រទេសបង់ក្លាដេសជាងមួយលាននាក់ទៀតផង។ ហេតុនេះវិបត្តិមនុស្សធម៌គឺជាបញ្ហាសំខាន់ ហើយយើងយកបញ្ហាមនុស្សធម៌ចំពោះប្រជាជនមីយ៉ាន់ម៉ាជារឿងធំ៕