ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការបារម្ភអំពីសង្គ្រាមថ្មីនៅអឺរ៉ុបបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១៧កុម្ភៈ ខណៈប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានព្រមានថារុស្ស៊ីអាចឈ្លានពានអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។
ឥស្សរជនពិភពលោកកំពុងស្វះស្វែងរកដំណោះស្រាយ ប៉ុន្តែការសង្ស័យរវាងលោកខាងកើតនិងលោកខាងលិចហាក់បន្តកើនឡើង ខណៈសម្ពន្ធមិត្តណាតូបានច្រានចោលការអះអាងរបស់រុស្ស៊ីថា ខ្លួនកំពុងដកទ័ពចេញពីសមយុទ្ធ។
រុស្ស៊ីត្រូវបានគេជឿថាបានបង្កើនកម្លាំងយោធាប្រមាណ ១៥០.០០០ នាក់ជុំវិញព្រំដែនអ៊ុយក្រែន។
ក្តីបារម្ភបានកើនឡើងនៅលោកខាងលិចជុំវិញអ្វីដែលរុស្ស៊ីកំពុងតែធ្វើជាមួយកងទ័ពទាំងអស់នោះ ដែលរួមមានកងកម្លាំងជើងគោកសរុប ៦០ ភាគរយរបស់រុស្ស៊ី។វិមានក្រឹមឡាំងនៅតែនិយាយថាខ្លួនមិនមានផែនការឈ្លានពាននោះទេ ប៉ុន្តែខ្លួនបានចាត់ទុកអ៊ុយក្រែនជាផ្នែកនៃឥទ្ធិពលរបស់ខ្លួនជាយូរមកហើយហើយការពង្រីកទៅភាគខាងកើតរបស់អង្គការណាតូគឺជាការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី។
រដ្ឋាភិបាលអាម៉េរិកបានចេញការព្រមានលម្អិតបំផុតមួយចំនួនរបស់ខ្លួនអំពីអ្វីដែលអាចនឹងកើតឡើងបន្ទាប់។
ថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីងកិនបានបង្ហាញពីការសន្និដ្ឋានមួយចំនួននៃចារកម្មអាម៉េរិកនៅក្នុងយុទ្ធសាស្ត្រដែលសហរដ្ឋអាម៉េរិកនិងអង់គ្លេសសង្ឃឹមថានឹងបង្ហាញចេញមកនិងទប់ស្កាត់ផែនការឈ្លានពានណាមួយ។ សហរដ្ឋអាម៉េរិកបានបដិសេធមិនលាតត្រដាងភស្តុតាងភាគច្រើន ដែលស្ថិតក្រោមការអះអាងរបស់ខ្លួនទេ។
លោកប្លីងកិនបានប្រាប់អ្នកការទូតថា ព្រឹត្តិការណ៍ដែលមើលទៅហាក់ដូចជាហិង្សាមួយរំពេច ដែលធ្វើឡើងដោយរុស្ស៊ី ដើម្បីយកលេសឈ្លានពាននឹងនាំឱ្យអាម៉េរិកបញ្ចេញភស្តុតាងទាំងអស់។ លោកបានលើកឡើងពី “ការវាយប្រហារដោយគ្រាប់បែករបស់ភេរវករ” នៅក្នុងប្រទេសរុស្ស៊ី ការវាយប្រហារដោយដ្រូន “ការវាយប្រហារក្លែងក្លាយ សូម្បីការវាយប្រហារពិតប្រាកដ… ដោយប្រើអាវុធគីមី”។
លោកបាននិយាយថា ការវាយប្រហារនេះនឹងបើកឱ្យមានការវាយប្រហារតាមអ៊ីនធឺណេត រួមជាមួយនឹងមីស៊ីលនិងគ្រាប់បែកនៅទូទាំងប្រទេសអ៊ុយក្រែន។ លោកប្លីងកិនបានពណ៌នាអំពីការចូលលុកលុយរបស់ទាហានរុស្ស៊ីឆ្ពោះទៅកាន់ទីក្រុងគៀវ ជាទីក្រុងដែលមានមនុស្សរស់នៅជិត ៣ លាននាក់ និងគោលដៅសំខាន់ៗផ្សេងទៀត។
លោកប្លីងកិនបាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិកបានចង្អុលបង្ហាញថា រុស្ស៊ីក៏នឹងកំណត់គោលដៅវាយប្រហារលើ “ក្រុមជាក់លាក់” នៃជនជាតិអ៊ុយក្រែនផងដែរ ប៉ុន្តែជាថ្មីម្តងទៀតមិនបានផ្តល់ព័ត៌មានលម្អិតទេ៕
ទាហានរុស្ស៊ីធ្វើសមយុទ្ធនៅបេឡារូសកាលពីថ្ងៃព្រហស្បតិ៍