ដោយៈ​ សរិទ្ធ-អង្គា​រ៍​ហេង​/​ភ្នំពេញៈ​នៅ​រៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជន​ជាតិចិន​ដូចគ្នា ហើយ​គេចខ្លួន​ជិត​ពីរ​ឆ្នាំ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​។​

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​បើក​ការ​ស៊ើបសួរ ចោទប្រកាន់​ជា​ផ្លូវការ រហូត​សម្រេច ឃុំខ្លួន​ជន​ត្រូវ​ចោទ​នៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​

​សូមបញ្ជាក់ថា ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​ចិន​រូបនេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​កាស៊ីណូ​ណាហ្គា​២ មូលដ្ឋាន​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​ជន​ត្រូវ​ចោទ​ដែលជា​ជនជាតិ​ចិន​រូបនេះ​មានឈ្មោះ យី សោ​ស៊ែ​ន កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ ត្រូវបាន​លោក ហន សុ​ខេមរិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ធ្វើ​ទារុណកម្ម ឬ អំពើ​ឃោរឃៅ តាម​មាត្រា​៣៥៣​និង​៣៥៩ នៃ​ក្រមព្រហ្មទណ្ឌ ។ ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ នៅ​ខុន​ដូ ភា​ឡា​ឡេស បន្ទប់​លេខ​២១០៥ ផ្លូវ​លេខ​៣៦៦ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង ។​

​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ ត្រូវបាន​នគរបាល​ប​ញ្ជូ​ន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ម​.១ ជា​បណ្តោះអាសន្ន​៕​