ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ បារាំងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១៧កុម្ភៈថាខ្លួននឹងដកកងទ័ពចេញពីប្រទេសម៉ាលីបន្ទាប់ពីការបែកបាក់ក្នុងទំនាក់ទំនងជាមួយរបបយោធាកំពុងកាន់អំណាចរបស់ប្រទេសនេះ ដោយបញ្ចប់ការដាក់ពង្រាយទ័ពជិត ១០ ឆ្នាំប្រឆាំងនឹងក្រុមជីហាដ ដែលបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងនៅអាហ្វ្រិកខាងលិច។
បារាំងបានបញ្ជូនទាហានទៅកាន់អតីតអាណានិគមរបស់ខ្លួនក្នុងឆ្នាំ ២០១៣ ដើម្បីវាយបកលើក្រុមជ្រុលនិយមអ៊ីស្លាមដែលពង្រីកខ្លួនទៅមុខយ៉ាងលឿនប៉ុន្តែភាពជោគជ័យនៃសមរភូមិដំបូងនេះបែរជាត្រូវប្រឈមនឹងប្រតិបត្តិការប្រឆាំងការបះបោរនិងការកើនឡើងអរិភាពពីប្រជាជនម៉ាលី។
កំហឹងនៅទីក្រុងប៉ារីសអំពីការមកដល់នៃទាហានស៊ីឈ្នួលរុស្ស៊ីពីក្រុមវ៉ាកណឺ (Wagner)ក៏ដូចជាការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងរបបយោធាម៉ាលីនិងទីក្រុងមូស្គូក៏បានពន្លឿនការចាកចេញរបស់បារាំងផងដែរ។
លោកប្រធានាធិបតីអេមម៉ានុយអែល ម៉ាក្រុង បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងមិនអាចបន្តចូលរួមផ្នែកយោធាជាមួយអាជ្ញាធរជាក់ស្តែងដែលយុទ្ធសាស្ត្រនិងគោលបំណងលាក់កំបាំងរបស់ពួកគេមិនបានចែករំលែកជាមួយយើងនោះទេ”។
ការសម្រេចចិត្តរបស់បារាំងនឹងឃើញការចាកចេញរបស់កងទ័ពចំនួន ២.៤០០ នាក់ពីប្រទេសម៉ាលីប៉ុន្តែបណ្តាប្រទេសសហភាពអឺរ៉ុបក៏បានប្រកាសថាពួកគេនឹងដកទាហានជាច្រើនរយនាក់នៅក្នុងកងកម្លាំងអឺរ៉ុបតាគូបា (Takuba) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ផងដែរ។
លោកម៉ាក្រុង “បានច្រានចោលទាំងស្រុង” នូវគំនិតដែលថាបារាំងបានបរាជ័យក្នុងបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសម៉ាលី ដែលបានធ្វើឱ្យបាត់បង់ជីវិតទាហាន ៤៨ នាក់ និង ៥នាក់ទៀតបានស្លាប់នៅទូទាំងតំបន់សាហ៊ែល (Sahel) ។
លោកបាននិយាយថា “តើមានអ្វីកើតឡើងក្នុងឆ្នាំ ២០១៣ ប្រសិនបើបារាំងមិនជ្រើសរើសធ្វើអន្តរាគមន៍? អ្នកប្រាកដជានឹងឃើញការដួលរលំនៃរដ្ឋម៉ាលី” ហើយគាត់បានបន្ថែមថាទាហានបារាំងក៏បានសម្លាប់មេដឹកនាំនៃក្រុមអាល់កៃដាក្នុងតំបន់និងមេដឹកនាំក្រុមសម្ពន្ធមិត្តរបស់រដ្ឋអ៊ីស្លាមផងដែរ៕
ទាហានបារាំងប្រយុទ្ធប្រឆាំងនឹងពួកជីហាដជិត១០ឆ្នាំ