ប្រែសម្រួល : កញ្ញាដាលីស (VnExpress) ៖ រដ្ឋមន្ត្រីការបរទេសវៀតណាមបានស្នើឱ្យប្រទេសសមាជិកអាស៊ានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមកដើម្បីជួយសម្រួលដល់ការធ្វើដំណើរឡើងវិញនិងការស្តារឡើងវិញក្រោយកូវីដ។
យោងតាមក្រសួងការបរទេសវៀតណាមបានអោយដឹងថា រដ្ឋមន្ត្រី ប៊ូយ ថាញ់សឺន (Bui Thanh Son)បានធ្វើសំណើនេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) ដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជាកាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍។
លោកក៏បានស្នើឱ្យអាស៊ានបន្តដាក់ចេញនូវគំនិតផ្តួចផ្តើមឆ្លើយតបនឹងជំងឺកូវីដ១៩ផងដែរ ដើម្បីបន្តការធ្វើដំណើរ និងការដឹកជញ្ជូនឡើងវិញសម្រាប់ការងើបឡើងវិញក្រោយកូវីដខណៈពង្រឹងសមត្ថភាពនិងផ្ទេរបច្ចេកវិជ្ជាក្នុងការត្រៀមលក្ខណៈសម្រាប់វិបត្តិនាពេលអនាគតស្រដៀងនឹងកូវីដ១៩។
លោកសឺនបានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់នៃការរក្សាសន្តិភាព សុវត្ថិភាព និងសន្តិសុខនៅលើសមុទ្រនិងនៅលើអាកាស ការគោរពច្បាប់អន្តរជាតិនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយហានិភ័យសន្តិសុខ ដូចជាសន្តិសុខដែនសមុទ្រ ការប្រែប្រួលអាកាសធាតុ ការបំពុល និងហានិភ័យផ្សេងទៀតដែលបង្កឡើងដោយកូវីដ១៩។
កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំ AMMR លើកដំបូងដែលធ្វើឡើងដោយផ្ទាល់ក្នុងអំឡុងឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។
មុនវិបត្តិកូវីដ-១៩ ពលរដ្ឋអាស៊ានរីករាយនឹងការចូលប្រទេសសមាជិកទាំងអស់ដោយមិនមានទិដ្ឋាការ។
ប្រទេសចំនួន ១៤ បានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម ដោយមានតែកម្ពុជានិងហ្វីលីពីនប៉ុណ្ណោះជាសមាជិកអាស៊ានដែលមិនទទួលស្គាល់។
វៀតណាមទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងនៃប្រទេសនិងដែនដីចំនួន ៧៩ ដែលក្នុងនោះមានសមាជិកអាស៊ាន ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងទីម័រខាងកើត ព្រមទាំងសមាជិកអាស៊ានមួយទៀតគឺមីយ៉ាន់ម៉ា៕
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៧កុម្ភៈ ២០២២