ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលិសបានបញ្ជាក់ថា ស្ត្រីនិងក្មេងស្រី១៣នាក់បានស្លាប់បន្ទាប់ពីធ្លាក់ចូលអណ្តូងដោយចៃដន្យក្នុងពេលចូលរួមពិធីអាពាហ៍ពិពាហ៍នៅភាគខាងជើងប្រទេសឥណ្ឌា។
មន្ត្រីប៉ូលិសជាន់ខ្ពស់លោក អាឃីល កុមារ (Akhil Kumar)បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគូស៊ីណាហ្គា (Kushinagar) រដ្ឋអ៊ុតថាប្រាដេស ថាជនរងគ្រោះកំពុងអង្គុយនៅលើបន្ទះដែកគ្របមាត់អណ្តូងនៅពេលវាបាក់ចុះក្រោម។
មនុស្សពីរនាក់ទៀតបានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុដែលបានកើតឡើងកាលពីល្ងាចថ្ងៃពុធទី១៦កុម្ភៈ។
ចៅក្រមក្នុងស្រុកលោក អេស រ៉ាចាលីនហ្គាម (S. Rajalingam) បាននិយាយថា អណ្តូងនោះចាស់ណាស់ហើយមិនអាចទ្រទម្ងន់អ្នកអង្គុយលើគម្របបានទេ។
លោកបាននិយាយថា “ជនរងគ្រោះបានធ្លាក់ចុះក្រោម ហើយស្លាប់នៅក្រោមគំនរបាក់បែក”។
ស្ត្រីនិងកុមារបានប្រមូលផ្តុំគ្នាដើម្បីចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍មួយនៅក្នុងភូមិរបស់ពួកគេដើម្បីផាត់ម្សៅលើមុខកូនក្រមុំនិងកូនកំលោះជាសញ្ញានៃភាពចម្រុងចម្រើន។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បាននិយាយថា គ្រោះថ្នាក់នេះពិតជាធ្វើឱ្យខូចចិត្តខ្លាំងណាស់។លោកបានសរសេរលើ Twitter ថា “រដ្ឋបាលក្នុងតំបន់កំពុងចូលរួមក្នុងការជួយដែលអាចធ្វើទៅបានទាំងអស់”។
អ្នកជួយសង្គ្រោះម្នាក់បាននិយាយថា អណ្តូងនោះមានជម្រៅប្រហែល ១៥ ម៉ែត្រ៕
វីដេអូឃ្លីបបានបង្ហាញអ្នកស្រុកប្រមូលផ្ដុំគ្នាជុំវិញអណ្តូង ដោយមានមនុស្សជាច្រើនស្រែកយំទួញសោកយ៉ាងខ្លាំង បន្ទាប់ពីគ្រោះមហន្តរាយនេះ