ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈ ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងពីរនាក់ទៀតរបួសធ្ងន់នៅលើផ្លូវជាតិលខ៤៤ គីឡូម៉ែត្រលេខ ៦~៧ ចំណុចភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមនកាលពីម៉ោងជាង៧យប់ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូវ៉េវពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ1AC-6118 បើកបរដោយឈ្មោះ ញៀន សុខខុម ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទិសដៅពីលិចទៅកើត ។លុះបើកមកដល់ចំណុចខាងលើ បានរេចង្កូត ចូលទៅចំណែកផ្លូវម្ខាងទៀតក៏ជ្រុលទៅបុកម៉ូតូហុងដាពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1R-4586 ជិះគ្នាពីរនាក់ (មិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន )ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូម៉ាកវ៉េវស្លាប់ភ្លាមៗនិងអ្នកជិះម៉ូតូម៉ាកហុងដារងរបួសធ្ងន់ទាំងពីរនាក់។
ក្រោយពីកើតហេតុអ្នករងរបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ចំណែកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ។ចំពោះវត្ថុតាងទាំងពីរ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីដោះស្រាយតាមនីតិវិធី៕/PC