ដោយៈ រ៉ាម៉ន / ភ្នំពេញៈ បើមិនមានការប្រែប្រួលទេ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក គ្រោងនឹងធ្វើពិធីក្រុងពាលី បើកការដ្ឋានសាងសង់ នៅរសៀល ថ្ងៃទី២១ ខែកុម្ភៈ ខាងមុខនេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកស្រី ។
គម្រោងនេះ នឹងបញ្ចប់ការសាងសង់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមហិរញ្ញប្ប ទាន សហប្រតិបត្តិការ ឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន ដែលស្ថានីយ៍នេះ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ បានចំនួន ៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ ហិកតា មានទីតាំងស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានមាន ប្រសាសន៍អោយដឹង នៅព្រឹកថ្ងៃទី១៨ កុម្ភៈនេះថាៈ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្ម ទឹកកខ្វក់ជើងឯក នឹងត្រូវសាងសង់ ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តកម្ម ទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបាន សរុបចំនួន ២ គ្រឿង គឺ ៤៦៨ ម៉ែត្រគូប ក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោម ជាប់អាងបង្ហូរទឹកបូមចេញ ពីស្ថានីយ៍ បូមទឹក បឹងត្របែក។
លោក សាំពិសិដ្ឋ បានបញ្ជាក់ថាៈ មានការសាងសង់ផ្លូវ សម្រាប់ថែទាំប្រឡាយ មានទទឹងផ្លួវ ១០ ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ ម៉ែត្រ សម្រាប់ ជីកដាក់បំពង់លូ បង្ហូរទឹកកខ្វក់ មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដោយត្រូវក្រាលកៅស៊ូ AC ទំហំ ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថី អ្នកឧកញ៉ាមហាភក្ដី សប្បុរសភោគា ធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់ ០,៣ ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០ ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ ពីសំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយ៍ប្រព្រឹត្តកម្ម ទឹកកខ្វក់ជើងឯក។
លោកប្រធានមន្ទីរ បានបន្តថាៈ ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ (Sewage Treatment Plant) ដែលមានសមត្ថភាព ប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន ៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ ហិកតា ក្នុងផ្ទៃបឹងបម្រុងទុក ប្រមាណ ១៩ ហិកតា ស្ថិតនៅជាប់មហាវិថី អ្នកឧកញ៉ាមហាភក្ដី សប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិ បាល បានកាត់ឆ្វៀល សម្រាប់សាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោង ឆ្នាំគោលដៅ ២០២៥។ ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់ សំណង់ ប្រព្រឹត្តកម្ម សំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពី ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក បន្ថែមទៀតផងដែរ។
លោក សាំ ពិសិដ្ឋ ក៏បានបញ្ជាក់ទៀតថាៈ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯកនេះ ត្រូវបានរដ្ឋាភិបាល នៃប្រទេសទាំងពីរ “កម្ពុជា-ជប៉ុន ” ចុះហត្ថលេខា លើលិខិតប្ដូរសារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មក ទីភ្នាក់ងារ JICA បានចុះកិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទានឥតសំណង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ទទួលបានគោលការណ៍អនុញ្ញាត ខាងលើនេះ ទីភ្នាក់ងារ JICA បានជ្រើសរើស ក្រុមហ៊ុនចម្រុះ សម្រាប់ធ្វើជាទីប្រឹក្សាបច្ចេកទេស ដើម្បីសិក្សាលម្អិត រៀបចំឯកសារ ដេញថ្លៃ ត្រួតពិនិត្យការអនុវត្តគម្រោង ដែលមានតម្លៃ នៃកិច្ចសន្យា ចំនួន ៣០០ លាន យ៉េនជប៉ុន ហើយតាមរយៈការដេញថ្លៃ នៅប្រទេសជប៉ុន ក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) ត្រូវបានជ្រើសរើស ជាក្រុមហ៊ុនម៉ៅការ អនុវត្តគម្រោង និងបានចុះកិច្ចសន្យា ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ប៉ុន្តែ តំណាងដោយលោក ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន (ដោយសារបញ្ហាការរីករាលដាល ជាសកល ជំងឺកូវីដ-១៩) នៅ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងតម្លៃគម្រោងគឺ ២.៣៤០ លាន យ៉េនជប៉ុន។ បន្ទាប់ពីបានចុះកិច្ចសន្យា គម្រោងនេះ បានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ហើយគ្រោង នឹងបញ្ចប់ការសាងសង់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕/V