​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ ភ្លៀង​ធ្លាក់​រាយប៉ាយ​ខុស​ប្រក្រតី​ក្នុង​ខែកុម្ភៈ​សម្រាប់​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​នេះ ចុះខ្សោយ​បន្តិច និង​នៅ​រាជធានី​ភ្នំពេញ​មិនមាន​ភ្លៀង​ទេ តែ​នៅ​ថ្ងៃអាទិត្យ​ការធ្លាក់ ភ្លៀង​រាយប៉ាយ​ក្នុង​បរិមាណ​ច្រើន​ស្ទើរ​ទូទាំងប្រទេស​បាន​ត្រឡប់មកវិញ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២​ថា សម្ពាធ​ទាប​មួយ ដើរ​មកពី​ផ្នែក​ខាងត្បូង​ប្រទេស​ហ្វីលីពីន​ក៏ដូចជា​រុញ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​មិន​ចូលមកក្នុង​សមុទ្រ​ចិន​ទេ​គឺ​ជ្រមុច​ទៅរក​ជ្រោយ​ម៉ា​ឡា​ហ្គា ធ្វើឱ្យ​ភ្លៀង​ធ្លាក់ចុះ​ខ្សោយ​ទៅវិញ​បន្តិច និង​នៅ​ភ្នំពេញ​មិនមាន​ភ្លៀង​ទេ គឺ​មានតែ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​តំបន់​ខ្ពង់រាប ទំនាប​កណ្តាល​ភាគ​ពាយព្យ​និង​តំបន់​មាត់សមុទ្រ​។​

អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​សម្រាប់​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត និង​ភាគ​ឦសាន​មាន​ភ្លៀង​ធ្លាក់​ច្រើន​គួរសម ក្រៅពី នេះ​មាន​ភ្លៀង​ធ្លាក់​ដែរ​តែ​ក្នុង​កម្រិត​តិចតួច​ចូលដល់​យប់​ថ្ងៃទី​២០ ទើប​ឃើញ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ខុស​ប្រក្រតី​លើ​ខេត្ត​ជាច្រើន​មកវិញ ក្នុងនេះ​នៅ​ភ្នំពេញ​ក៏​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លះ​ដែរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​ជូនដំណឹង​ស្តី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២២ ខែកុម្ភៈ​​ថា​នៅក្នុង​សប្តាហ៍​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌូនេស៊ី​និង​ឥណ្ឌា​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ ទន្ទឹមនឹងនេះ​ក៏​នឹង​អាច​កើតមានឡើង​នូវ​សម្ពាធ​ទាប​តូចៗ​ជា​លក្ខណៈ​ឡូ​កាល់ (Local)​នាំឱ្យមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ជា​បន្តបន្ទាប់​។​

​សេចក្តីជូនដំណឹង​បានឱ្យដឹង​ទៀតថា​ស្ថានភាព​បែប​ខាងលើ​ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២ ទៅ​២៥​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣២ ទៅ​៣៤​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ជាទូទៅ​លាយឡំ និង​ផ្គរ រន្ទះ ក្នុងនោះ​ខេត្តកំពង់ធំ​, កំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​,​បន្ទាយមានជ័យ និង​ប៉ៃលិន អាចមាន​ភ្លៀង​ច្រើន​ដោយ​អន្លើ​។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២១ ទៅ​២៤​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣១​ទៅ​៣៣​អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​លាយឡំ​និង​ផ្គរ រន្ទះ ។​

​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​និង​ផ្គរ រន្ទះ ៕​