ដោយៈមុនីរ័ត្ន/ភ្នំពេញ: ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក មីយ៉ាកេ ស៊ីហ្គោ(Miyake Shingo) អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងសវនាការនេះលោកអនុរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភមកកាន់ប្រទេសជប៉ុន។លោកមានការជឿជាក់ថា នាពេលខាងមុខនេះ ចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ជាពិសេសការជំរុញអ្នកវិនិយោគជប៉ុនមកកម្ពុជា។
ចំណែកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងអរគុណរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងតែរក្សាចំណង មិត្តភាព ល្អជាមួយកម្ពុជាជាប់រហូតមក។ លោកក៏បានគាំទ្រចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដោយក្រុមហ៊ុនតែងបានគោរពច្បាប់ និងអនុវត្តការលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតបានយ៉ាងល្អប្រសើរ។
ក្នុងជំនួបនេះភាគីទាំងពីរបានព្រមព្រៀងក្នុងការសិក្សាលើលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃ កិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ដើម្បីបង្កើនឱ្យមានសកម្មភាពទំនាក់ទំនងកាន់តែខ្លាំងក្លាទ្បើង៕សរន