ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖តុលាការឥណ្ឌាមួយកាលពីថ្ងៃសុក្រទី១៨កុម្ភៈ បានកាត់ទោសប្រហារជីវិតមនុស្ស៣៨នាក់ចំពោះការបំផ្ទុះគ្រាប់បែកបន្តបន្ទាប់នៅឆ្នាំ២០០៨ដែលបណ្តាលអោយស្លាប់មនុស្សជាង៥០នាក់និងរបួសប្រមាណ២០០នាក់នៅក្នុងទីក្រុង អាម៉េដាបាត(Ahmedabad)ក្នុងរដ្ឋហ្កូចារ៉ាត(Gujarat)។
វាជាលើកដំបូងដែលជនត្រូវចោទច្រើនដូច្នេះត្រូវបានកាត់ទោសប្រហារជីវិតតែមួយលើកនៅឥណ្ឌា។ទោះជាយ៉ាងណាការដាក់ទោសនេះត្រូវតែទទួលការអនុម័តយល់ព្រមពីតុលាការជាន់ខ្ពស់ជាងមួយ។
ចៅក្រម អេ អរ ប៉ាតែល(A. R. Patel)ក៏បានកាត់ទោសមនុស្ស១១នាក់ទៀតអោយជាប់គុកមួយជីវិតក្នុងករណីដដែលនេះ ដែលជាប់ពាក់ព័ន្ធនឹងការផ្ទុះគ្រាប់បែកជាងដប់នៅផ្នែកផ្សេងៗនៃក្រុងអាម៉េដាបាត។
ក្រុមសកម្មប្រយុទ្ធមួយហៅខ្លួនឯងថា ហាកាត់-អ៊ុល-អាល់-អ៊ីស្លាមី (Harkat-ul-Jihad-al-Islami )បានប្រកាសទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះ។គេគិតថាក្រុមនេះមានមូលដ្ឋាននៅប៉ាគីស្ថាន តែពេលនេះទំនងជាលែងមានវត្តមានទៀតហើយ។
រដ្ឋនេះមានប្រវត្តិតានតឹងរវាងអ្នកកាន់សាសនាហិណ្ឌូនិងក្រុមជនភាគតិចអ៊ីស្លាម។វាក៏ជាកន្លែងផ្ទុះអំពើហិង្សាធំនៅឆ្នាំ២០០២ដែលបណ្តាលអោយមនុស្សជាង១.០០០នាក់ស្លាប់ក្រោយឧបទ្ទវហេតុអគ្គិភ័យលើរថភ្លើងដាក់អ្នកធ្វើធម្មយាត្រាហិណ្ឌូដ៏ណែនមួយដែលបានសម្លាប់មនុស្ស៦០នាក់។
មូលហេតុនៃអគ្គិភ័យនេះមិនត្រូវបានបញ្ជាក់ តែពួកហិណ្ឌូនិយមជ្រុលបានបន្ទោសវាទៅលើពួកអ៊ីស្លាមហើយបានវាយបំផ្លាញកាប់សម្លាប់ពាសពេញតំបន់ជនអ៊ីស្លាមរស់នៅ៕
ជនសង្ស័យក្នុងការវាយប្រហារនៅឆ្នាំ២០០៨ត្រូវបានចាប់និងគ្របក្បាលដើម្បីលាក់អត្តសញ្ញាណ