ដោយៈសុផល/ខេត្តប៉ៃលិន៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថាក្រសួងទេសចរណ៍បាននិងកំពុង​ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ត្រី ក្នុងគោលដៅដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ស្របតាមទីផ្សារការងារក្នុងវិស័យទេសចរណ៍។

លោកស្រីបានលើកលែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្នុងវិស័យទេសចរណ៍» ដែលបានធ្វើឡើងនៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីជាលក្ខណៈបុគ្គល និងជាលក្ខណៈក្រុមក្នុងវិស័យទេសចរណ៍។

លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា  រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ជាយុទ្ធសាស្ត្រអាទិភាពនិងជាអភិក្រមមូលដ្ឋានដ៏សំខាន់។ ជាមួយគ្នានេះដែរ គោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជា ក្នុងគោលដៅទី៣ គឺជាក្របខណ្ឌជាក់លាក់ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី។

ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សំដៅដល់ការកសាងសមត្ថភាពធនធានមនុស្ស ជាពិសេសស្ត្រី ដើម្បីចូលរួមប្រកួតប្រជែងប្រកបដោយនវានុវត្តន៍នៅក្នុងទីផ្សារការងារ ក៏ដូចជាបង្កើនសមត្ថភាពរបស់ស្ត្រីឱ្យចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ការបត់បែនប្រកបដោយភាពឆ្លាតវៃ ជាមួយនឹងការឈោងចាប់យកនូវបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយទៅជាសហគ្រិន និងបុគ្គលិកដ៏ជោគជ័យ ជាកត្តាឈានទៅពង្រឹងស្ថានភាពសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។

លោកស្រី ហ៊ុន ដានី បានបន្ថែមទៀតថា គោលដៅនៃការបង្កើនភាពអង់អាចដល់ស្ត្រី គឺដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ស្ត្រី រក្សាលំនឹងនិងជំរុញកំណើនសេដ្ឋកិច្ច  ព្រមទាំងពង្រឹងតួនាទីក្នុងភាពជាដៃគូរបស់បុរសនៅក្នុងសង្គមដែលមិនអាចខ្វះបាន។ ជាមួយគ្នានេះក្រសួងទេសចរណ៍ រួមចំណែកជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ត្រី ដើម្បីគោលដៅបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ស្របតាមទីផ្សារការងារក្នុងវិស័យទេសចរណ៍។

ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ បើទោះបីស្ថិតក្នុងបរិការណ៍កូវីដ-១៩ ក៏ក្រសួងនៅតែបន្តខិតខំតាមគ្រប់រូបភាព ដើម្បីជួយពង្រឹងភាពអង់អាចដល់ស្ត្រីតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលរយ:ពេលវែង-ខ្លី ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទាំងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ សំដៅជួយស្ត្រីឱ្យមានទាំងជំនាញទន់ និងជំនាញរឹងស្របទៅតាមទីផ្សារការងារ និងក្លាយទៅជាអ្នកដឹកនាំនៅក្នុងអាជីវកម្ម សេវាកម្ម ព្រមទាំងត្រៀមខ្លួនក្នុងការប្រែក្លាយទៅជាសហគ្រិនស្រ្តីក្នុងវិស័យទេសចរណ៍ថែមទៀតផង៕/PC