ដោយ: សម្បត្តិ/ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកឃឿនថ្មពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់ នាវេលាម៉ោង២:៣០រសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចរង្វង់មូលវត្តភ្នំ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ព្រះនរោត្តម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សុខ ជា ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើត នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-6070 ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគល់ម៉ូតូ និងសពឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕