ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក ញឹក ប៊ុនឆៃ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ បានគាំទ្រ និងអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានអំពាវនាវទៅកាន់អាជ្ញាធរនៅទូទាំងប្រទេសបង្កលក្ខណៈងាយស្រួលដល់គ្រប់បណ្ដាគណបក្សនយោបាយដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃអាចធ្វើសកម្មភាពនយោបាយបានដោយគ្មានការរារាំង។
លោក ញឹក ប៊ុនឆៃ (រូបថតឯកសារ)
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ប្រាំពីរកន្លែងស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃប្រមាណ ៣៥លានដុល្លារ កាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅ សម្តេចតេបានប្រកាសឲ្យអាជ្ញាធរគ្រប់រាជធានីខេត្ត បង្កលក្ខណៈងាយស្រួលដល់បណ្តាគណបក្សនយោបាយនានា ដែលបានចុះបញ្ជីត្រឹមត្រូវ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាពជួបជុំសកម្មជនរបស់ខ្លួន ដូចជា ការលើកស្លាកគណបក្សជាដើម និងសម្រាប់តែគណបក្សដែលបានចុះបញ្ជីត្រឹមត្រូវ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។
លោក ញឹក ប៊ុនឆៃ បានប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១៨ ខែកុម្ភៈនេះថា លោកសូមអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំទៅដល់អាជ្ញាធរមូលដ្ឋានបង្កលក្ខណៈងាយស្រួលដល់គ្រប់បណ្ដគណបក្សនយោបាយ។លោកឃើញថា អាជ្ញាធរបានអនុវត្តទៅតាមប្រសាសន៍ ឬក៏បទបញ្ជារបស់សម្តេច ដោយអជ្ញាធរបានជួយការពារសន្តិសុខ ជួយសម្រួលចរាចរណ៍ និង ជួយសម្រួលឲ្យដំណើរការជួបប្រជុំគ្នានៅមូលដ្ឋានបានល្អ គឺស្របទៅតាមប្រសាសន៍របស់សម្តេចតេជោ។
ជាមួយគ្នានេះ ឯកឧត្តម ញឹក ប៊ុនឆៃ ក៏បានថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលបានមានប្រសាសន៍ឲ្យអាជ្ញាធរនៅទូទាំងប្រទេសបង្កលក្ខណៈងាយស្រួលដល់គ្រប់បណ្ដាគណបក្សនយោបាយ គឺបានធ្វើឲ្យអាជ្ញាធរនៅមូលដ្ឋានអនុវត្តតាម គឺបានធ្វើឲ្យគណបក្សនយោបាយបានដំណើរការការងាររបស់ខ្លួនបានដោយរលូន។
លោកបានបន្តថា លោកបានចុះមូលដ្ឋានចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ គឺបានប្រាំបីខេត្ត រួមមានៈ ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងខេត្តកំពង់ធំ។ជាទូទៅឃើញអាជ្ញាធរមូលដ្ឋាន ជាពិសេសកងនគរបាលជាតិ បានសហការជួយការពារសន្តិសុខ សុវត្ថិភាព និងជួយសម្រួលចរាចរណ៍ គ្រប់កម្មវិធីដែលលោកបានចុះទៅតាមបណ្តាខេត្ត។ លោកសង្កេតឃើញបណ្តាគណបក្សនយោបាយផ្សេងៗ មានដំណើរការទៅដោយរលូន ៕