ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: ការប្រកួតប្រដាល់គុនខ្មែរជើងឯកជាតិឆ្នាំ២០២១ ដែលចាប់ផ្ដើមពីថ្ងៃទី១៤ មកនោះ បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី១៨ កុម្ភៈ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៥ថ្ងៃ។
នេះជាការប្រកួតដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជននិងកីឡា។ សម្រាប់វិញ្ញសាបុរសមានចំនួន៩ប្រភេទទម្ងន់គឺ ៤៥គីឡូក្រាម ៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម ៥៧គីឡូក្រាម ៦០គីឡូក្រាម ៦៣,៥០គីឡូក្រាម ៦៧គីឡូក្រាម និង ៧១គីឡូក្រាម។ ចំពោះនារីដែលមាន៥ប្រភេទទម្ងន់ គឺទម្ងន់៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម ៥៧គីឡូក្រាម និង៦០គីឡូក្រាម តែនៅពេលប្រកួតជាក់ស្ដែង
មានតែ៤ប្រភេទទម្ងន់ប៉ុណ្ណោះ ។
ក្រសួងការពារជាតិប្រជែងបានមេដាសចំនួន៧គ្រឿងក្នុងនោះកីឡាការិនីប្រជែងបានមេដាយមាសចំនួន៣គ្រឿងគឺធាន់ ចាន់ដេងដែលប្រកួតក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម កីឡាការិនី វី ស្រីឆាយ ប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម និង កីឡាការិនី ទួន ស្រីភីន ដែលប្រកួត ក្នុងប្រភេទទម្ងន់៦០គីឡីក្រាម។ ចំពោះបុរសដែលឈ្នះមេដាយមាសចំនួន៤គ្រឿងវិញនោះមានកីឡាករ វ៉ាន់ វឿន ទម្ងន់៥៧គីឡូក្រាម កីឡាករឃុន បូរ៉ា ទម្ងន់៦០គីឡូក្រាម កីឡាករ តាញ់ មករា ទម្ងន់ទម្ងន់៦៣,៥០គីឡូក្រាម និង កីឡាករឡៅ ចិត្រាប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
ចំពោះសមាគមដែលដណ្ដើមបានមេដាយមាសដែរនោះមានក្រសួងមហាផ្ទៃឈ្នះមេដាយមាស ១គ្រឿងដែលរកបានដោយកីឡាការិនី នូវ ស្រីពៅ ទម្ងន់៥៤គីឡូក្រាម។ សមាគមខេត្តបន្ទាយមានជ័យបានទទួលមេដាយមាស១គ្រឿងដែលរកបានដោយកីឡាករ គឹម សុថាត់ ទម្ងន់៤៥គីឡូក្រាម។ ខេត្តកោះកុងរកបានមេដាយមាស១គ្រឿងដែរដែលរកបានដោយកីឡាករ ធឿន ធារ៉ា ទម្ងន់៧១គីឡូក្រាម ។
លោកហេង សុឃនដែលជាអគ្គលេខាធិការរបស់សហព័ន្ធបានឲ្យដឹងថាការប្រកួតជើងឯកនេះមានកីឡាករ កីឡាការិនីចូលរួមចំនួន១១៣នាក់ដែលក្នុងនោះកីឡាការិនីចំនួន១៣នាក់។ ការប្រកួតតាមរូបមន្ដជម្រុះគឺអ្នកចាញ់ត្រូវធ្លាក់ដែលសរុបការប្រកួតទាំងអស់មានចំ
នួន៧៥ប្រកួត។
ក្នុងឱកាសបិទការប្រកួតមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និង កីឡា លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ៕