ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្រទី១៨កុម្ភៈ បានបញ្ជាឱ្យរដ្ឋាភិបាលរុស្ស៊ីផ្តល់ជម្រកនិងអាហារដល់ប្រជាជនដែលចាកចេញពីសាធារណរដ្ឋផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន ដែលប្រកាសដោយខ្លួនឯង នៅពេលដែលពួកគេបានទៅដល់ភាគខាងត្បូងប្រទេសរុស្ស៊ី។
ក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីបានប្រកាសពីការជម្លៀសភ្លាមៗចេញពីតំបន់របស់ពួកគេនៅព្រឹកថ្ងៃសុក្រជាចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងជម្លោះដែលលោកខាងលិចជឿថាទីក្រុងមូស្គូគ្រោងនឹងប្រើប្រាស់ដើម្បីជាលេសដើម្បីលុកលុយពេញទំហឹងលើប្រទេសជិតខាងរបស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបាននិយាយថាលោកពូទីនបានបញ្ជាឱ្យរដ្ឋមន្ត្រីទទួលខុសត្រូវក្នុងការដោះស្រាយស្ថានការណ៍គ្រាអាសន្នឱ្យធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសរុស្ស៊ីដើម្បីរៀបចំកន្លែងស្នាក់នៅសម្រាប់អ្វីដែលវិមានក្រឹមឡាំងហៅថា “ជនភៀសខ្លួនមកពីតំបន់ដុនបាស (Donbass)”។
សេចក្តីថ្លែងការណ៍បាននិយាយថា “ប្រធានាធិបតី…បានណែនាំ (រដ្ឋមន្ត្រី) ឱ្យហោះជាបន្ទាន់ទៅកាន់តំបន់នេះដើម្បីរៀបចំការងារដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ទទួលប្រជាជន ផ្តល់អាហារក្តៅៗ និង អ្វីៗគ្រប់បែបយ៉ាងដែលត្រូវការ រួមទាំងការថែទាំសុខភាព”។
លោកពូទីនក៏បានបញ្ជាឱ្យផ្តល់ប្រាក់ចំនួន ១០.០០០ រូប (១២៩ ដុល្លារ) ដល់មនុស្សគ្រប់រូបដែលមកពីតំបន់ដុនបាសផងដែរ៕
លោកពូទីនឱ្យរដ្ឋមន្ត្រីរបស់គាត់ត្រៀមទទួលជនភៀសខ្លួនពីតំបន់ដុនបាស