ដោយៈ អង្គារ៍ហេង/ភ្នំពេញៈ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានដាក់ចេញផែនការសំខាន់ៗមួយចំនួនដើម្បីជំរុញដល់ថ្នាក់ដឹកនាំខណ្ឌ-សង្កាត់រួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព លើការស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងនូវរាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ និងល្បែងអនឡាញ ដើម្បីធានារក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ផែនការសំខាន់ៗទាំងនោះមាន:
-ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋាន ជាពិសេស (ល្បែងអនឡាញ)។
-រឹតបន្តឹងការអនុវត្ត ការផាកពិន័យចំពោះអ្នកមិនពាក់ម៉ាស់នៅតាមទីសាធារណៈ។
-ពង្រឹង និងបន្តផ្សព្វផ្សាយអប់រំអំពី វិធានការសុខាភិបាល ៣កុំ ៣ការពារ តាមបណ្តាអាជីវកម្ម សំណង់ ផ្សារ ភោជនីយដ្ឋាន និងទីតាំងហានិភ័យទាំងអស់ក្នុងមូលដ្ឋាន។
-ពង្រឹងទំនាក់ទំនង និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយអនុវត្តតាមវិធានសុខាភិបាល។
-រៀបចំយន្តការចុះស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានចាក់វ៉ាក់ដូសទី១-២-៣ និងទី៤ ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅរដ្ឋបាលរាជធានីភ្នំពេញ ត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥ រសៀលជាកំហិត៕