រាជធានីភ្នំពេញ, ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២– នៅថ្ងៃនេះ ក្រុមហ៊ុន មិត្តហ្វូន បាន​ប្រារព្ធខួបទី១៣ឆ្នាំនៃ​ការ​ឈានជើងចូលទីផ្សារកម្ពុជា​របស់ខ្លួន ជាមួយនឹងការដាក់ចេញ​នូវ​បេសកកម្មថ្មី​មួយទៀត ​ដើម្បី ​«បង្កើតទំនាក់ទំនងសង្គមឌីជីថល» នៅក្នុងប្រទេស​កម្ពុជា ។

កាលពី១៣ឆ្នាំមុន នៅថ្ងៃនេះ មិត្តហ្វូន បានចាប់ផ្ដើម​ការផ្ដល់សេវាកម្មរបស់ខ្លួនជាផ្លូវការនៅកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ទូរគមនាគមន៍​ធំជាង​គេបំផុតនៅក្នុងប្រទេស​នេះ ដោយ​គ្របដណ្ដប់​តំបន់លំនៅដ្ឋានគ្រប់ទីកន្លែង និងផ្ដល់សេវាកម្ម​ដល់​ប្រជាជន​ជិត ៩លាននាក់ ។

ភាពជោគជ័យដ៏អស្ចារ្យនេះ​ត្រូវបានក្រុមហ៊ុន​បញ្ជាក់ថា គឺដោយសារតែមានការគាំទ្រ​ពីរាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័នពាក់ព័ន្ធ ព្រមទាំង​ដោយសារតែការខិតខំប្រឹងប្រែង​ធ្វើការរបស់​បុគ្គលិកនិយោជិត​របស់​ក្រុមហ៊ុន​ប្រមាណ ២០០០នាក់ ដែល​បាន​ខិតខំអស់ពីកម្លាំងកាយចិត្ត​ធ្វើ​ឱ្យ​ មិត្តហ្វូន ក្លាយជា​
ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដ៏ជោគជ័យ​បំផុត​នៅកម្ពុជា ។

លោក ហ្វុង វ៉ាន់គឿង ប្រធាននាយកប្រតិបត្តិ​ក្រុមហ៊ុន មិត្តហ្វូន ​មានប្រសាសន៍​យ៉ាង​ដូច្នេះថា ៖ «ឆ្លៀត​ក្នុងឱកាសនេះ យើង​សូមថ្លែងអំណរគុណដល់​អាជ្ញាធរពាក់ព័ន្ធរបស់រាជ​រដ្ឋាភិបាលកម្ពុជា ដែល​បាន​ផ្ដល់​ការគាំទ្រ​ដល់​កិច្ច​ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ។ ជាពិសេស ក្នុងអំឡុងពេល​នៃការផ្ទុះឡើងនូវជំងឺរាតត្បាតសាកល កូវីដ-១៩ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ចាក់វ៉ាក់សាំង​ទាន់ពេលវេលា​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដល់ប្រជាជន​ រួមជាមួយនឹង​វិធានការ​ប្រយុទ្ធប្រឆាំងជំងឺឆ្លង​យ៉ាងហ្មត់ចត់បំផុត ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​លើ​បរិយាកាស​អាជីវកម្ម ។ ទន្ទឹមនឹងនេះដែរ ខ្ញុំ​ក៏សូមថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះបុគ្គលិក​និយោជិត​របស់​យើង​ផងដែរ ដែលបានរួមដៃគ្នា​ធ្វើ​ឱ្យ​មិត្តហ្វូនក្លាយជាក្រុមហ៊ុន​មួយ​ដ៏ជោគជ័យ ។»

លោក ហ្វុង វ៉ាន់គឿង បានមានប្រសាសន៍បន្ថែម​ទៀត​ថា ៖​ «ដោយ​ឈរលើ​ជោគជ័យ​និងសមិទ្ធផល​នានាដែល​យើងសម្រេចបាន នៅថ្ងៃនេះ​យើងប្រារព្ធ​ខួបអនុស្សាវរីយ៍ទី១៣ឆ្នាំរបស់យើង ជាមួយ​នឹង​បេសកកម្ម​ថ្មីមួយទៀត គឺ ​«បង្កើតទំនាក់ទំនងសង្គមឌីជីថល» ។ ហើយ​ដើម្បី​សម្រេច​ឱ្យ​បាន​បេសកកម្មនេះ យើងនឹង​កសាង​បណ្ដាញ​ទូរគមនាគមន៍ដ៏ទំនើប​ជឿនលឿនបំផុត​ ដោយ​មានបំពាក់​នូវ​បច្ចេកវិទ្យាចុងក្រោយ​បង្អស់ ដូចជា 5G, Narrowband IoT, Big Data និង AI; អនុវត្ត​ដំណោះស្រាយ​ និង​សេវាកម្ម ICT សម្រាប់រដ្ឋាភិបាល ក្រសួងស្ថាប័ន សហគ្រាស អង្គការ និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ក្នុងនោះរាប់បញ្ចូលទាំងសេវាកម្ម​ទីក្រុង​ឆ្លាត (Smart City), រដ្ឋាភិបាលឌីជីថល និង​សេវាកម្ម Cloud ជាច្រើន​ទៀត ។ ស្របពេលជាមួយគ្នានេះ យើង​ក៏នឹង​វិនិយោគ​ទៅលើ​មាតិកា​ និង VAS ព្រមទាំង​ផ្លាស់ប្ដូរ​ទៅរក​សេវាកម្ម​ឌីជីថល​ ដោយមានហ្គេមស៍កម្សាន្ត​ដោយ​ឥតគិតថ្លៃ វីដេអូ និង​កម្មវិធីអេបនានា សម្រាប់​អតិថិជនគ្រប់រូប ជាដើម ។​»

គួររំលេចផងដែរថា ក្នុងរយៈពេល​១៣ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​មិត្តហ្វូន​បានទទួល​ពាន​រង្វាន់​ជាច្រើន​ពី​ស្ថាប័ន​ដ៏ល្បីល្បាញបំផុត​នៅលើ​ពិភព​លោក នៅក្នុងវិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មាន ។ ពានរង្វាន់ទាំងនេះ​ត្រូវបានផ្ដល់​ឱ្យ​ជាការទទួលស្គាល់នូវ​ផលិតផល​និងសេវាកម្ម​ដែលល្អបំផុត​របស់​ក្រុមហ៊ុន​ដែល​បានផ្ដល់​ដល់​អតិថិជន​របស់ខ្លួន ។ ថ្មីៗនេះ គឺនៅឆ្នាំ២០២១ មិត្តហ្វូន បានទទួល​ពានរង្វាន់​មាស ចំនួន ០៤ សម្រាប់​ផលិតផល CamID, SIS System, eMoney e-wallet និង​ខ្សែភាពយន្ត​ភាគអប់រំ «មាគ៌ាព្រះធម៌» របស់ខ្លួន ហើយ​មិនតែប៉ុណ្ណោះ មិត្តហ្វូន ក៏ត្រូវបាន​ស្ថាប័ន​ផ្ដល់​រង្វាន់​អន្តរជាតិ IBA ផ្ដល់​ចំណាត់ថ្នាក់​ស្ថិតនៅក្នុងចំណោមកំពូល​ក្រុមហ៊ុនទាំង​ ៥ ដែល​បានទទួលពានរង្វាន់ច្រើនជាងគេ​បំផុត​ប្រចាំឆ្នាំ​ ផងដែរ ។

ក្រៅពីបម្រើ​ដល់​អតិថិជន​ជិត ៩លាននាក់របស់ខ្លួន ក្រុមហ៊ុនមិត្តហ្វូន​ក៏​បាន​អនុវត្ត​សកម្មភាព​ជួយ​ដល់​សង្គម (CSR) ជាច្រើនផងដែរ ។ ការងារ CSR មួយចំនួន​ដ៏លេចធ្លោរបស់ក្រុមហ៊ុន រួមមាន កម្មវិធី «នេះមិនមែនជាសុបិន»; «អ៊ីនធឺណិតសម្រាប់សាលារៀន»; កម្មវិធី​គាំពារ​សុខភាព​របស់មិត្តហ្វូន​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រជាមួយក្រុមគ្រូពេទ្យ TYDA; ជំនួយ​មនុស្សធម៌​ជួយសង្គ្រោះ​ដោយ​សហការជាមួយកាកបាទក្រហម​កម្ពុជា; មូលនិធិ​មិត្តហ្វូន​រួមចំណែក​ដល់​យុទ្ធនាការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ-១៩របស់រាជរដ្ឋាភិបាល និង​ការគាំទ្រ​ដល់​ការប្រកួត​បាល់ទាត់ មិត្តហ្វូន​ខេមបូឌានលីគ ជាដើម ។ ចំនួនទឹកប្រាក់ដែល​ក្រុមហ៊ុ​ន​បានបរិច្ចាគ​ទៅ​លើ​សកម្មភាពសង្គម គិតរហូតមកដល់ពេលនេះ គឺប្រមាណ ១០០លានដុល្លារ​អាមេរិករួចហើយ ហើយ​ក្រុមហ៊ុន​នឹងបន្ត​គាំទ្រ​សកម្មភាពសង្គម មួយឆ្នាំៗ ពី ៨ ទៅ ១០លានដុល្លារ​ជាបន្ត​ទៀត ។

បោះជំហានទៅមុខទៀត គោលដៅបន្ទាប់របស់ មិត្តហ្វូន គឺបន្ត​ពង្រឹង​តំណែងរបស់ខ្លួនជា​ក្រុមហ៊ុន​លេខ១ នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យាឌីជីថល នៅកម្ពុជា ជាមួយនឹង​បេសកកម្មស្នូល
​«បង្កើតទំនាក់ទំនងសង្គមឌីជីថល» ។

ទន្ទឹមនឹងនេះដែរ មិត្តហ្វូន ប្ដេជ្ញាចិត្ត​វិនិយោគបន្ថែមទៀត​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​កាន់តែ​រឹងមាំនិង​ទូលំទូលាយថែមទៀត ដោយ​ប្រើប្រាស់នូវ​បច្ចេកវិទ្យាទំនើបចុងក្រោយ ដូចជា 5G, Narrowband IoT, Big Data, AI ជាដើម ដើម្បី​គាំទ្រ​ដល់រាជរដ្ឋាភិបាល​កម្ពុជា, ប្រជាពលរដ្ឋ​ និង​
សហគមន៍ធុរកិច្ច ដើម្បីពន្លឿន​ការធ្វើឌីជីថលូបនីយកម្ម និង​ធ្វើ​ឱ្យកាន់តែវៃឆ្លាត​នូវ​សកម្មភាពធុរកិច្ច ។

ជាចុងក្រោយ មិត្តហ្វូន ក៏នឹង​ប្ដេជ្ញា​បន្តធ្វើជាក្រុមហ៊ុន​ឈានមុខគេ​នៅក្នុងការផ្ដល់​សេវាទូរគមនាគមន៍​ ដូចជា បណ្ដាញទូរសព្ទចល័ត, អ៊ីនធឺណិត​ broadband ការបញ្ជូន​ទិន្នន័យ, ទូរទស្សន៍ឌីជីថល និង​មាតិកាផ្សព្វផ្សាយ ។ ក្រៅពីនេះ សេវាកម្មថ្មីៗជាច្រើនថែមទៀតក៏កំពុងត្រូវបានរៀបចំបង្កើតឡើង​ផង​ដែរ ដូចជា ការទូទាត់​តាមឌីជីថល ធនាគារឌីជីថល ទីក្រុងឆ្លាតវៃ សេវាកម្មនៅលើ Cloud និង​ការផ្សាយ​ពាណិជ្ជកម្ម​នៅលើអនឡាញ ជាដើម ។ ទាំងអស់នេះនឹង​រួមចំណែក​នាំមកនូវអនាគត​​និងជីវភាពបែប
ឌីជីថលកាន់តែប្រសើរឡើងសម្រាប់ព្រះរាជាណាចក្រ​កម្ពុជា ៕