ដោយៈប.ខុន/ភ្នំពេញៈ ការដាំដុះស្រូវប្រាំងនៅក្រោមអាងទឹកកំពីងពួយដែលពេលនេះនៅសល់ទឹកប្រមាណជា ៨៨លានម៉ែត្រគូប មានការថយចុះ ដោយសារប្រឡាយមួយចំនួន នៃប្រព័ន្ធរបស់អាងនេះត្រូវបានក្រសួងធ្វើការសាងសង់ឡើងវិញ។

លោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ថា ការធ្វើស្រូវប្រាំងនៅក្រោមអាងទឹកកំពីងពួយនៅឆ្នាំនេះមិនបានច្រើនទេ ដោយសារប្រឡាយមេមួយចំនួនត្រូវបានក្រសួងធ្វើការសាងសង់ឡើងវិញដោយកន្លែង។ កន្លែងប្រឡាយត្រូវបានសាងសង់ឡើងវិញការដាំដុះស្រូវប្រាំងត្រូវបានហាមឃាត់។ អាងកំពីងពួយមកដល់បច្ចុប្បន្ន (១៩កុម្ភៈ) នៅសល់ទឹកប្រមាណជា៨៨លានម៉ែត្រគូប។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៩ ខែកុម្ភៈថា អាងកំពីងពួយដែលនៅសល់ទឹកប្រមាណជា៩០លានម៉ែត្រគូប កាលពីចុងរដូវវស្សាស្តុកទឹកបានប្រមាណជា១៧០លានម៉ែត្រគូប បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើននៅចុងរដូវវស្សារួចមក។

ទោះយ៉ាងណាក៏ការដាំដុះស្រូវប្រាំងនៅក្នុងខេត្តបាត់ដំបងឆ្នាំ២០២១-២០២២ នៅតែអនុវត្តបាន៣៣.៤០៣ហិកតា ស្មើ១២១,៩១ភាគរយនៃផែនការ២៧.៤០០ហិកតាក្នុងពេលការដាំដុះស្រូវប្រាំងនៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៥ខែកុម្ភៈអនុវត្តបាន៦២៥.៦១១ហិកតា ស្មើ១៣៤,៧៥ភាគរយនៃផែនការ៤៦៤.២៦៥ហិកតា៕