ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ប្រ៊ែត ភីត កំពុងប្តឹងអ៊ែនជេលីណា ចូលី រឿងលក់ភាគហ៊ុនរបស់នាងក្នុងចម្ការទំពាំងបាយជូរនៅបារាំង ទីដែលពួកគេបានរៀបការ។
កំពូលតារាភាពយន្តភីតនិងចូលី ដែលធ្លាប់ជាគូស្នេហ៍លេចធ្លោបំផុតរបស់ហូលីវូដ បានទិញភាគហ៊ុនគ្រប់គ្រងក្រុមហ៊ុនចម្ការទំពាំងបាយជូរ ហ្សាទូមីហាវ៉ាល់ (Chateau Miraval) នៅភាគខាងត្បូងប្រទេសបារាំងក្នុងឆ្នាំ ២០០៨ ហើយបានរៀបការនៅទីនោះនៅប្រាំមួយឆ្នាំក្រោយមក។
ប៉ុន្តែពួកគេបានប្តឹងរំលាយអាពាហ៍ពិពាហ៍របស់ពួកគេនៅឆ្នាំ ២០១៦ ហើយនៅតែជាប់គាំងនៅក្នុងក្តីក្តាំតុលាការចាប់តាំងពីពេលនោះមក រួមទាំងសិទ្ធិឃុំគ្រងកូនទាំងប្រាំមួយនាក់របស់ពួកគេ។
យោងតាមពាក្យបណ្តឹងដែលប្តឹងដោយភីតនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃព្រហស្បតិ៍ គូស្នេហ៍គូនេះបាន “យល់ព្រមថាពួកគេនឹងមិនលក់ផលប្រយោជន៍រៀងៗខ្លួននៅក្នុងក្រុមហ៊ុន Chateau Miraval ដោយគ្មានការយល់ព្រមពីគ្នានោះឡើយ”។
ប៉ុន្តែកាលពីខែតុលាឆ្នាំមុន ចូលីបានលក់ភាគហ៊ុនរបស់នាងឱ្យទៅ “ក្រុមហ៊ុនផលិតស្រាដែលមានមូលដ្ឋាននៅប្រទេសលុចសំបួរដែលគ្រប់គ្រងដោយមហាសេដ្ឋីរុស្សីឈ្មោះ យូរី សេហ្វភ្ល័រ (Yuri Shefler)” នេះយោងតាមឯកសារតុលាការ ដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ឯកសាររបស់ភីតបានចោទប្រកាន់ថា ចូលីបានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដើមរបស់ពួកគេ ដោយមិនបានផ្តល់ឱ្យគាត់នូវការបដិសេធជាលើកដំបូងសម្រាប់ភាគហ៊ុនរបស់នាងហើយថានាងកំពុងស្វះស្វែង “ទាញយកប្រាក់ចំណេញស្រួលៗសម្រាប់ខ្លួននាងខណៈធ្វើឱ្យខាតប្រយោជន៍របស់ភីត”។
ឯកសាររបស់ភីតនិយាយថា “ចូលីឈប់រួមចំណែកដល់ក្រុមហ៊ុន Chateau Miraval ជាយូរមកហើយ ខណៈដែលភីតបានបន្តចាក់លុយនិងការវិនិយោគភាគហ៊ុនទៅក្នុងអាជីវកម្មស្រាដោយបង្កើតវាទៅជាក្រុមហ៊ុនដែលរីកចម្រើនដូចសព្វថ្ងៃ”។
បណ្តឹងរបស់ភីតស្នើសុំការកាត់ក្តីដោយគណៈវិនិច្ឆ័យ។
បណ្តឹងនោះពណ៌នាអំពីចម្ការទំពាំងបាយជូរនោះថាជា “អាជីវកម្មស្រាខ្នាតតូចមិនមានផលចំណេញ” ដែលត្រូវការការជួសជុល” មុនពេលប្តីប្រពន្ធទាំងពីរទិញវាក្នុងឆ្នាំ ២០០៨។
អ្នកទាំងពីរបានចំណាយ “ប្រហែល ២៨ លានដុល្លារ” ដោយភីតរួមចំណែក ៦០ ភាគរយ និង ចូលី ៤០ ភាគរយ។
ប៉ុន្តែភីតបានបន្តចំណាយលើការជួសជុល “ក្នុងលក្ខណៈមិនសមាមាត្រនឹងចំណែកកម្មសិទ្ធិរបស់គាត់” ដោយយល់ថាចូលីនឹងមិនដកខ្លួនចេញពីការវិនិយោគដោយគ្មានការយល់ព្រមពីគាត់។
បណ្តឹងនេះបន្តថា ភីតបានជួលលោក ម៉ាក ភៀរីន (Marc Perrin) ដែលជាអ្នកផលិតស្រាកំពូលម្នាក់របស់បារាំងឱ្យជួយប្រែក្លាយអាជីវកម្មនេះទៅជាក្រុមហ៊ុនផលិតស្រាទំពាំងបាយជូរឈានមុខគេ ប៉ុន្តែ “ចូលីមិនមានជាប់ពាក់ព័ន្ធក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះទេ”។
ប្រាក់ចំណូលត្រូវបានរាយការណ៍ថាបានកើនឡើងពីប្រហែល ៣ លានដុល្លារក្នុងឆ្នាំ ២០១៣ ដល់ជាង ៥០ លានដុល្លារកាលពីឆ្នាំមុន ដោយក្រុមហ៊ុន Miravalថ្មីៗនេះបានចេញលក់ស្រាសាំប៉ាញផ្កាឈូកថ្មីផងដែរ៕
ភីតនិងចូលីបានរៀបការនៅចម្ការទំពាំងបាយជូរ Chateau Miraval កាលពីឆ្នាំ២០១៤ ដែលឥឡូវបានក្លាយជាក្រុមហ៊ុនស្រាដ៏រីកចម្រើនមួយ