ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ប្រភពច្បាប់មួយបាននិយាយកាលពីថ្ងៃសុក្រ ទី១៨ កុម្ភៈថា ជំទាវទីមួយរបស់បារាំងលោកស្រី ព្រីហ្សីត ម៉ាក្រុង (Brigitte Macron)បានដាក់ពាក្យប្ដឹងស្ត្រីពីរនាក់ដែលអះអាងថា លោកស្រីជាមនុស្សកែភេទ ដោយបង្កឱ្យមានរលកនៃពាក្យចចាមអារ៉ាមពេញអ៊ីនធឺណេតនៅប៉ុន្មានសប្តាហ៍មុនយុទ្ធនាការបោះឆ្នោតឡើងវិញរបស់ស្វាមីលោកស្រី។
សវនាការលើកដំបូងត្រូវបានកំណត់នៅថ្ងៃទី ១៥ ខែមិថុនានៅទីក្រុងប៉ារីសសម្រាប់ដំណើរការនីតិវិធីរដ្ឋប្បវេណី ដែលនឹងកាត់ក្តីអំពីការរំលោភលើសិទ្ធិឯកជន និងសិទ្ធិផ្ទាល់ខ្លួនជាមូលដ្ឋាននិងការប្រើប្រាស់រូបភាពរបស់លោកស្រីដោយខុសច្បាប់។
មេធាវីរបស់លោកស្រីព្រីជីត ម៉ាក្រុង គឺលោក ហ្សង់ អេណូឈី (Jean Ennochi) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា លោកស្រីនិងបងប្រុសរបស់លោកស្រីគឺលោក ហ្សង់-មីសែល ត្រូញូ (Jean-Michel Trogneux) ក៏បានដាក់ពាក្យប្តឹងពីបទបរិហារកេរ្តិ៍ផងដែរ ដែលការចោទប្រកាន់នេះអាចជំរុញឱ្យរដ្ឋអាជ្ញាបើកសំណុំរឿងព្រហ្មទណ្ឌ។
ចំណាត់ការផ្លូវច្បាប់នេះត្រូវបានរាយការណ៍លើកដំបូងដោយទូរទស្សន៍ M6 ដែលនិយាយថា បណ្តឹងនេះត្រូវបានសហការប្តឹងដោយកូនបីនាក់របស់លោកស្រីព្រីហ្សីតពីអាពាហ៍ពិពាហ៍មុនក៏ដូចជាបងប្រុសរបស់លោកស្រី។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សារជាច្រើនបានលេចឡើងពេញបណ្តាញសង្គមដែលអះអាងថា ជំទាវទីមួយ ដែលមានឈ្មោះដើមថា ព្រីហ្សីត ត្រូញូ (Brigitte Trogneux) គឺជាស្ត្រីកែភេទ ដែលមានឈ្មោះពីកំណើតថា ហ្សង់ មីសែល (Jean-Michel)។
ស្ត្រីពីរនាក់ ដែលជាគោលដៅនៅក្នុងបណ្តឹងនោះ ដែលម្នាក់ជាអ្នកផ្សព្វផ្សាយសាសនានិងម្នាក់ទៀតជាអ្នកកាសែតឯករាជ្យ បានបង្ហោះពាក្យចចាមអារ៉ាមនេះ រួមជាមួយនឹងរូបភាពរបស់ជំទាវទីមួយនិងគ្រួសាររបស់លោកស្រីនៅលើ YouTube កាលពីខែធ្នូ។
ការបង្ហោះនេះកើតឡើងគាប់ជួននឹងការកើនឡើងនៃសារអមដោយទ្រុងជ្រូកថា “#JeanMichelTrogneux” នៅលើ Twitter និងបណ្តាញផ្សេងទៀត។
ការិយាល័យរបស់លោក អេមម៉ានុយអែល ម៉ាក្រុង មិនឆ្លើយតបទៅនឹងសំណើសុំការបំភ្លឺនោះទេ។
ទំនាក់ទំនងរបស់ប្រធានាធិបតីជាមួយភរិយារបស់គាត់ ដែលមានអាយុបងគាត់ ២៤ ឆ្នាំ ដែលគាត់បានជួបនៅពេលលោកស្រីនៅជាគ្រូបង្រៀនរបស់គាត់ហើយគាត់នៅជាក្មេងជំទង់នោះគឺជាប្រភពនៃការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសបារាំងនិងក្រៅប្រទេស។
វាមិនមែនជាលើកទីមួយទេដែលគូស្នេហ៍នេះក្លាយជាគោលដៅវាយប្រហារដោយពាក្យចចាមអារ៉ាមអំពីយេនឌ័រឬទំនោរផ្លូវភេទ។ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៧ លោក អេមម៉ានុយអែល ម៉ាក្រុង បានទាត់ចោល ការអះអាងថាគាត់ប្រុសខ្ទើយ៕
ជំទាវទីមួយរបស់បារាំងលោកស្រី ព្រីហ្សីត ម៉ាក្រុង