​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង និង​ខេត្តព្រៃវែង បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្ថិតក្នុង​មុខតំណែង​សាធារណៈ​ផ្សេងៗ​នៅតាម​មូលដ្ឋាន​ខេត្តបាត់ដំបង ដោះស្រាយ​បញ្ហា​រំលោភ​ដីព្រៃ​លិច​ទឹក​ជាប់​បឹង​ទន្លេសាប ចាប់ពី​ស្រុក​មោងឫស្សី ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ និង​ស្រុក​ថ្មគោល​។ សម្ដេច​ក៏បាន​ណែនាំ​ឱ្យ​ផ្ដល់ព័ត៌មាន​ជូន​សម្ដេច​អំពី​បញ្ហា​នេះ ដើម្បី​ចូលរួមចំណែក​ជំរុញ​ការដោះស្រាយ​ទៅតាម​យន្ត​ការដែល​អាចធ្វើ​ទៅបាន​។

​ការ​ជម្រុញ​របស់​សម្តេច​ក្រឡា​ហោម ស ខេង បាន​ធ្វ​ល​ឡើង​នៅក្នុង​សន្និបាត​បូកសរុប​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លទ្ធផល​អនុវត្ត​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ ។​

​សម្តេច​ក្រឡាហោម​ក៏បាន​ជម្រុញ​ឲ្យ​បន្ត​ខិតខំ​បំពេញភារកិច្ច​បំរើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ រួមគ្នា​ដោះស្រាយ​ភាព​អសកម្ម​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាជន ព្រមទាំង​ជំរុញ​ការដោះស្រាយ​ទំនាស់​ដីធ្លី​ប្រកបដោយ​តម្លាភាព និង​យុត្ត​ធម៌ ។​

​សម្ដេច​បាន​លើកទឹកចិត្ត​ឱ្យ​តួអង្គ​គណបក្ស​នៅតាម​មូលដ្ឋាន​ដែល​កាន់​មុខតំណែង​នានា បន្ត​ការខិតខំ​ធ្វើអំពើ​ល្អជា​មួយ​ប្រជាពលរដ្ឋ​ដើម្បី​រួមចំណែក​ប្រមូល​កម្លាំង​គាំទ្រ​ជូន​គណបក្ស​។ ភ្ជាប់​នឹង​ការងារ​នេះ សម្ដេច​ក្រឡាហោម ក៏បាន​ជំរុញ​ឱ្យ​ខិតខំ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ពិសេស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ស្មៀនឃុំ​សង្កាត់ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់ និង​មេភូមិ​៕