ដោយៈមុនីរ័ត្ន/ភ្នំពេញៈគណបក្សប្រជាជនកម្ពុជា មិនមានការព្រួយបារម្ភចំពោះការចងសម្ព័ន្ធភាពរបស់គណបក្ស នយោបាយមួយចំនួន ដែលទើបតែបង្កើតថ្មី ដើម្បីប្រកួតជាមួយគណបក្សខ្លួននៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះទេ។ ការមិនព្រួយបារម្ភ គឺដោយសារតែបក្សទាំងនោះ កើតចេញពីគណបក្សដែលចាញ់រួចមកហើយ។នេះបើតាមការបញ្ជាក់របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(រូបថតឯកសារ)
លោកបានប្រាប់រស្មីកម្ពុជាកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះថា ការចងសម្ព័ន្ធភាពនេះ អត់មានអីទំនាស់នឹងច្បាប់ដែលត្រូវហាមឃាត់ទេ។ការចងសម្ព័ន្ធភាពរវាងគ្នាគាត់និងគ្នាគាត់នេះ គឺឲ្យតែគេឯកភាពគ្នា វាអត់មានបញ្ហាអីទេ។លោកបានបញ្ជាក់ថា “ការចងសម្ព័ន្ធភាពនេះ មិនមែនជារឿងចម្លែកទេ។ វាជារឿងធម្មតាសម្រាប់គណបក្សប្រជាជនកម្ពុជា ពីព្រោះក្នុងចំណោមគណបក្សដែលចង់សម្ព័ន្ធភាពជាមួយគ្នានេះ គឺជាឫសគល់តែមួយទេ។ បើឫសគល់តែមួយមេខ្លោងធំចាញ់ ហើយត្រូវរលំរលាយរួចហើយ ហើយប្រាំមួយគណបក្សដែលចេញពីក្នុងពាងដែលបែកខ្ទេចខ្ទី គឺវាគ្មានកម្លាំងអីដែលនឹងមកប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាទេ ឬមួយក៏ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានការប្រួលបារម្ភទេ”។
អ្នកនាំពាក្យដដែលបន្តថា “គណបក្សប្រឆាំងកន្លងទៅនេះ វាជាពាងធំមួយហើយ ដោយពាងនឹងវាបែករួចហើយ ក៏ប៉ុន្តែ ១១៨នាក់បានចេញពីក្នុងពាងនឹងហើយ ក៏ប៉ុន្តែក្នុងចំណោម ១១៨នាក់នឹង វាមាន២៩ត្រឡោកមកបង្កើតគណបក្សនយោបាយ និងទទួលបាននីតិសម្បទាធ្វើនយោបាយរួចហើយ។ អីចឹងវាមិនមែនជារឿងអីគួរឲ្យភ័យព្រួយទេ។ ប្រាំមួយត្រគោលបូកចូលគ្នាទៅវាមិនបានស្មើទឹកពាងខាងដើមទេ។ ទឹកពាងខាងដើមនៅប្រកួតមិនឈ្នះគណបក្សប្រជាជនកម្ពុជាផង ចុះទម្រាំប្រាំមួយត្រឡោកមកប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា”។
គួររំលឹកគណបក្សនយោបាយចំនួនប្រាំមួយដែលលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានអះអាងថា ចងសម្ព័ន្ធភាពនឹងគ្នាដើម្បីត្រៀមបង្កើតគណបក្សធំមួយប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ មានដូចជាៈ ១. គណបក្សកម្ពុជានិយម របស់លោកយ៉ែម បុញ្ញឫទ្ធិ។ ២. គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉េង វិរៈ។ ៣. គណបក្សកែទម្រង់កម្ពុជា របស់លោកអ៊ូ ច័ន្ទរ័ត្ន។ ៤. គណបក្សភ្លើងទៀន ។ ៥. គណបក្សបំណងពលរដ្ឋ របស់លោក អ៊ិត សារម្យ និងទី៦. គណបក្សកម្លាំងប្រជាធិបតេយ្យ របស់លោក អ៊ុន វិសិទ្ធគុន៕
សរន