ប្រែសម្រួលៈបំណង/គៀវ(ដេល្លីម៉េល)៖ ពួកមេដឹកនាំបំបែកខ្លួននៅអ៊ុយក្រែនខាងកើតបានបញ្ជាអោយមានការចល័តទ័ពទូទៅមួយកាលពីថ្ងៃសៅរ៍ ចំពេលអំពើហិង្សាកើនឡើងខ្លាំងនៅក្នុងតំបន់ហែកហួរដោយសង្គ្រាមផ្តាច់ខ្លួនមួយនេះ និងចំពេលមានការបារម្ភនៅលោកខាងលិចថា រុស្ស៊ីអាចនឹងនឹងប្រើអំពើហិង្សានេះជាលេសដើម្បីចូលឈ្លានពានអ៊ុយក្រែន។
ដេននីស ពូស៊ីលីន (Denis Pushilin)ប្រមុខរដ្ឋាភិបាលផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅតំបន់ដុនណិតស៍(Donetsk)របស់អ៊ុយក្រែន បានចេញការប្រកាសអំពីការចល័តទ័ពទូទៅមួយនិងបានអំពាវនាវអោយទាហានបំរុងបង្ហាញខ្លួននៅតាមការិយាល័យយោធា។
ការប្រកាសស្រដៀងគ្នាមួយបានកើតមានតាមក្រោយភ្លាមចេញពីលោក ឡេអូនីដ ប៉ាសេចនីក(Leonid Pasechnik) មេដឹកនាំផ្តាច់ខ្លួននៅតំបន់ លុនហានស៍(Luhansk)។
ពូស៊ីលីន បានយោងដល់ការគំរាមពីការឈ្លានពានរបស់កងកម្លាំងអ៊ុយក្រែនដើម្បីចេញការប្រកាសនេះ ។
សូមបញ្ជាក់ថា ពួកបំបែកទឹកដីនិងកងកម្លាំងអ៊ុយក្រែនបាននិងកំពុងប្រយុទ្ធគ្នាអស់ពេលជិតប្រាំបីឆ្នាំ តែអំពើហិង្សានៅតាមខ្សែត្រៀមក្នុងតំបន់ផ្តាច់ខ្លួនបានផ្ទុះឡើងខ្លាំងនៅពីរបីថ្ងៃមកនេះ រួមមានការបំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តនៅទីក្រុងដុនណិតស៍ និងក្បួនរថយន្តដឹកជំនួយមនុស្សធម៌រួមទាំងសាលាមត្តេយ្យត្រូវគ្រាប់ផ្លោង។
តាមការប៉ាន់ស្មានរបស់លោកខាងលិច ទាហានរុស្ស៊ីដល់ទៅ១៥០.០០០នាក់កំពុងឈរជើងក្បែរព្រំដែននៅជុំវិញអ៊ុយក្រែន ហើយជម្លោះនៅតំបន់ផ្តាច់ខ្លួននេះអាចផ្តល់ជាលេសសំរាប់រុស្ស៊ីចូលអន្តរាគមន៍។
ប្រជាជននៅតំបន់ដុនណិតស៍ត្រូវបានជម្លៀសចូលទឹកដីរុស្ស៊ីខាងត្បូងកាលពីថ្ងៃសុក្រទី១៨កុម្ភៈ នៅពេលមានការបាញ់ផ្លោងដាក់គ្នា
ក្នុងការវាយតំលៃបែបបំភ័យមួយ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្របានអះអាងថា លោកជឿងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសំរេចចិត្តចូលឈ្លានពានអ៊ុយក្រែននិងវាយប្រហារដ្ឋធានីគៀវ។
បៃដិន ដែលប៉ុន្មានសប្តាហ៍មកហើយនៅតែនិយាយថាលោកមិនប្រាកដថាលោកពូទីនបានសំរេចចិត្តចុងក្រោយហើយឬនៅនោះ ពេលនេះបាននិយាយថាការវិនិច្ឆយរបស់លោកបានផ្លាស់ប្តូរទៅតាមព័ត៌មានស៊ើបការណ៍អាម៉េរិក។
ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលវិមានក្រឹមឡាំង បានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធសព្វាវុធនុយក្លេអ៊ែរនៅថ្ងៃសៅរ៍ ហើយលោកពូទីនបានសន្យាការពារផលប្រយោជន៍រុស្ស៊ីទល់នឹងការគំរាមកាន់តែទន្ទ្រានចូលមកពីលោកខាងលិច។
លោកបៃដិនបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងការទូតដ៏អន្តរាយប្រឆាំងរុស្ស៊ី បើសិនជារដ្ឋាភិបាលក្រុងមូស្គូហ៊ានចូលឈ្លានពាន និងជំរុញអោយលោកពូទីនគិតសាជាថ្មី និងថាអាម៉េរិកនិងសម្ពន្ធមិត្តលោកខាងលិចរបស់ខ្លួនពេលនេះសាមគ្គីគ្នាខ្លាំជាពេលណាទាំងអស់ ដើម្បីធានាថា រុស្ស៊ីនឹងសងតំលៃមហាខ្ពស់មួយចំពោះការចូលឈ្លានពានប្រទេសជិតខាងខ្លួន៕
មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា កងកម្លាំងជើងគោករុស្ស៊ី ៤០ទៅ៥០ភាគរយកំពុងឈរជើងនៅទីតាំងដែលអាចមើលឃើញពីព្រំដែនអ៊ុយក្រែន