ដោយៈរ៉ាម៉ន/ភ្នំពេញៈនៅថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងថា នៅថ្ងៃទី២២ ខែកុម្ភៈខាងមុខចាប់ពីម៉ោង ៥ព្រឹក រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំ ពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានី ភ្នំពេញក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុន ដែលស្ថិតនៅភូមិទួល រកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅ ដោយ រលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយ សាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរជាបណ្ដោះ អាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) ចាប់ពីមហាវិថីកងយោពលខេមរភូមិន្ទ (ផ្លូវ២៧១) ដល់មហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ចាប់ពីវេលាម៉ោង៥ព្រឹក រហូតដល់បញ្ចប់កម្មវិធី៕សរន