​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ សត្វ​កម្រ​ជាច្រើន​ប្រភេទ​ទៀត ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ​បាន​បន្ត​រកឃើញ​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ ក្នុង​នោះគេ​បាន​ប្រទះឃើញ ដានជើង លាមក គន្លង​សត្វព្រៃ​ដូចជា​៖ ដំរី​អាស៊ី ខ្ទីង ប្រើ​ស្បូវ កែះ ឈ្លូស ជ្រូកព្រៃ ខ្លា​ពពក ខ្លា​ឃុំ ជ្រូកព្រុល ពង្រូល ឆ្កែព្រៃ និង​ប្រភេទ​សត្វព្រៃ​សំខាន់ៗ​មួយចំនួនទៀត​។​

​យោងតាម​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ បានបង្ហាញ​ពី​ទិន្នន័យ​នៃ​វត្តមាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ប្រទេស​កម្ពុជា​។ ការបង្ហាញ​ពី​ទិន្នន័យ​នេះដែរ ក្រោយពី​ការចុះពិនិត្យ​និង​សិក្សា​ទីតាំង​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ចំនួន​ជាង ៥០​គ្រឿង នៅក្នុង​តំបន់ការពារធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ កោះកុង និង​ពោធិ៍សាត់ កាលពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងមក​ដោយ​ក្នុងនេះ​ក្រុម​ជំនាញ​ក្រសួងបរិស្ថាន បាន​ប្រទះឃើញ ដានជើង លាមក គន្លង​សត្វព្រៃ​ដូចជា​៖ ដំរី​អាស៊ី ខ្ទីង ប្រើ​ស្បូវ កែះ ឈ្លូស ជ្រូកព្រៃ ខ្លា​ពពក ខ្លា​ឃុំ ជ្រូកព្រុល ពង្រូល ឆ្កែព្រៃ និង​ប្រភេទ​សត្វព្រៃ​សំខាន់ៗ​មួយចំនួនទៀត​។

​ក្រសួងបរិស្ថាន​បានឱ្យដឹង​បន្ថែមថា ការដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដើម្បី​ចាំ​ថត​សត្វព្រៃ​នេះ គាំទ្រ​ដោយ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព​និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​» សហការ​ជាមួយ​នាយកដ្ឋាន​អភិរក្ស​តំបន់ការពារធម្មជាតិ​ដីគោក ខាងត្បូង​បឹង​ទន្លេសាប នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ និង​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ដើម្បី​ជា​ប្រយោជន៍​បង្កើន​ចំណេះដឹង​ពី​វិធីសាស្ត្រ​សិក្សា និង​ប្រមូល​ទិន្នន័យ​ជីវៈចម្រុះ តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក៏ដូចជា​ធ្វើការ​សិក្សា​ពី​ប្រភេទ ទីជម្រក​សត្វព្រៃ​មាន​ដោយ​កម្រ ជិត​ផុត​ពូជ ទទួលរង​គ្រោះ ព្រមទាំង​របាយ​និង​ភាពសម្បូរ​បែប​នៃ​ប្រភេទ​សត្វព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​។

​ជាមួយគ្នានេះ ការចុះ​សិក្សា និង​ដាក់​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ជា​កម្មវត្ថុ​នៃ​ការរៀបចំ​កំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង និង​ផែនការ​គ្រប់គ្រង ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល​ឲ្យ​មាន​ប្រសិទ្ធភាព​ថែមទៀត​ផងដែរ​។​

​បន្ថែម​លើ​នេះ​ទៀត ក្រុមការងារ បាន​សិក្សា​និង​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​សរុប​ចំនួន ៥៣​គ្រឿង ក្នុង​៥២​ទីតាំង​សិក្សា (Deployment) ក្នុងនោះ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​ចំនួន ២០​គ្រឿង ខេត្តកោះកុង ២៣​គ្រឿង និង​ខេត្តកំពង់ស្ពឺ​ចំនួន ១០​គ្រឿង​។ សូមបញ្ជាក់​ផងដែរ​ថា ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ទាំង ៥៣​គ្រឿង នេះ​គ្រោង​នឹង​ប្រមូល​ត្រលប់​មកវិញ នៅក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​សូមបញ្ជាក់ថា រយៈពេល​ចាប់ពី​ខែតុលា ឆ្នាំ​២០២១ រហូតដល់​ខែមករា ឆ្នាំ​២០២២ នេះ ក្រសួងបរិស្ថាន​បាន​រកឃើញ​វត្តមាន​ប្រភេទ​សត្វព្រៃ​មាន​ដោយ​កម្រ ប្រភេទ​ជិត​ផុត​ពូជ ប្រភេទ​ទទួលរង​គ្រោះថ្នាក់ ប្រភេទ​ទទួល​គំរាមកំហែង​ចំនួន ១០​ប្រភេទ រួមមាន​៖ ដំរី​អាស៊ី ខ្ទីង ប្រើស​ស្បូវ កែះ ខ្លាឃ្មុំ​តូច ខ្លាឃ្មុំ​ធំ ឆ្កែព្រៃ ជ្រូកពោន ឬ​ជ្រូកព្រុល សំពោច​ក​លឿង និង​ស្វា​ត្រោស រួមជាមួយ​ប្រភេទ​ថនិកសត្វ និង​បក្សី​មួយចំនួនទៀត​មាន​វត្តមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តកោះកុង​។​

​គួរ​រំលឹក​ដែរ​ថា គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា គាំទ្រ​ដោយ​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក ដែល​បានចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ និង​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៥​។ គម្រោង​នេះ​មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរ​នូវ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ជំរុញ​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ និង​ដើម្បី​បង្កើន​ច្រ​វ៉ា​ក់ត​ម្លៃ​អនុផល​ព្រៃឈើ​នៅ​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ និង​បឹង​ទន្លេសាប​។ គម្រោង​នេះ​ចែកជា ៥ សមាសភាគ​៖ ១) ការពង្រឹង​សមត្ថភាព​ក្នុងការ​រៀបចំ​ផែនការ និង​ការគ្រប់គ្រង​តំបន់​ទេសភាព​ក្នុង​តំបន់ការពារធម្មជាតិ ២) ពង្រឹង​ឱកាស​សម្រាប់​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ និង​ច្រវាក់​តម្លៃ​អនុផល​ព្រៃឈើ ៣) ជំរុញ​នូវ​ការតភ្ជាប់​ខ្សែ​ផ្លូវចេញចូល​នៅតាម​ជនបទ ៤) ការគ្រប់គ្រង​គម្រោង ការត្រួតពិនិត្យ និង​ការវាយតម្លៃ និង ៥) ការឆ្លើយតប​ទៅនឹង​គ្រោះអាសន្ន​៕