ប្រែសម្រួលៈបំណង/ដុនណិតស៍,អ៊ុយក្រែន,មូស្គូ(ST)៖កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីកាលពីថ្ងៃសៅរ៍ទី១៩កុម្ភៈ បានធ្វើសមយុទ្ធក្រោមការត្រួតមើលរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីនហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអះអាងថា ទាហានរុស្ស៊ីកំពុងប្រមូលផ្តុំនៅក្បែរព្រំដែនអ៊ុយក្រែនដែលប្រុងតែវាយលុកចូល។
ដោយការព្រួយបារម្ភនៅលោកខាងលិចកាន់តែកើនឡើង ពួករដ្ឋមន្ត្រីការបរទេសមកពីក្រុមG-7បាននិយាយថាពួកគេមិនបានឃើញភស្តុងតាងនៃការកាត់បន្ថយសកម្មភាពយោធារុស្ស៊ីនៅក្នុងតំបន់ក្បែរព្រំដែន ហើយ«នៅតែព្រួយបារម្ភជាខ្លាំង»អំពីសភាពការណ៍នេះ។ពួកគេបានអំពាវនាវអោយរុស្ស៊ីជ្រើសយកផ្លូវការទូត និងបន្ថយភាពតានតឹង។
ក្នុងពេលជាមួយគ្នា បារាំងនិងអាឡឺម៉ង់ បានអំពាវនាវអោយពលរដ្ឋរបស់ខ្លួនទាំងអស់ឬខ្លះដែលកំពុងនៅអ៊ុយក្រែនចាកចេញ បន្ទាប់ពីរដ្ឋាភិបាលក្រុងគៀវនិងមូស្គូចោទប្រកាន់គ្នាអំពីការបាញ់ផ្លោងនៅតាមព្រំដែន។
ដោយអះអាងថា នឹងមានការចូលឈ្លានពានមួយដោយជៀសមិនផុត រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោកឡយ អូស្ទីន បាននិយាយថាកងកម្លាំងរុស្ស៊ីបាន«ចាប់ផ្តើមបំបែកហ្វូងនិងរុលមកកៀកព្រំដែន ហើយយើងសង្ឃឹមថាលោកពូទីនថយចេញពីមាត់ជ្រោះនៃជម្លោះនេះ»។
រុស្ស៊ីបានបញ្ជាអោយបង្កើនកងកម្លាំងយោធានៅក្បែរព្រំដែនអ៊ុយក្រែន នៅពេលខ្លួនទាមទារអោយអង្គការណាតូរារាំងកុំអោយអ៊ុយក្រែនចូលរួមក្នុងសម្ពន្ធភាពយោធាដឹកនាំដោយអាម៉េរិកនេះ តែលោកខាងលិចបានច្រានចោលនិងព្រមានថា ការចូលឈ្លានពានអ៊ុយក្រែនគ្រោះថ្នាក់ បង្កមហន្តរាយនិងនាំអោយរុស្ស៊ីបង់តំលៃសែនខ្ពស់។
រដ្ឋាភិបាលក្រុងមូស្គូអះអាងថា ខ្លួនកំពុងដកទ័ព តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្តនិយាយថារុស្ស៊ីកំពុងបង្កើនកម្លាំងទ័ព។
រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយថា ខ្លួនបានបាញ់សាកល្បងកាំជ្រួចលឿនជាងសម្លងនិងកាំជ្រួចបណ្តែតបញ្ជាគោលដៅចេញពីសមុទ្រដោយជោគជ័យក្នុងសមយុទ្ធកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួនកាលពីថ្ងៃសៅរ៍។
ពួកអ្នកវិភាគបាននិយាយថា សមយុទ្ធនេះមានបំណងបញ្ជូនសារមួយអោយលោកខាងលិចទទួលយកការទាមទាររបស់រុស្ស៊ីអំពីការធានាសន្តិសុខរបស់ខ្លួន នៅពេលអង្គការណាតូកាន់តែពង្រីកសមាជិកភាពចូលមកកៀកព្រំដែនរុស្ស៊ី។
Фрегат «Адмирал Горшков» выполнил успешный пуск гиперзвуковой ракеты «Циркон» из Белого моря на дальность 440 км.
По словам начальника Генштаба ВС, она успешно поразила морскую мишень в Баренцевом море. При этом скорость звука ракетой была превышена в восемь раз. pic.twitter.com/w7bnFWHcZc
— Телеканал 360° (@360tv) October 7, 2020
សមយុទ្ធនុយក្លេអ៊ែរនេះត្រូវបានធ្វើឡើងក្រោយសមយុទ្ធរបស់កងកម្លាំងរុស្ស៊ីអស់បួនខែមកនេះ ដែលរួមមានការបង្កើនកម្លាំងដែលលោកខាងលោកថាមានដល់១៥០.០០០នាក់ទៅកាន់ភាគខាងជើងខាងកើតនិងខាងត្បូងប្រទេសអ៊ុយក្រែន។ឧទ្ធម្ភាគចក្រថ្មីនិងក្រុមរថក្រោះ រថពាសដែលប្រយុទ្ធ រួមទាំងសម្ភារគាំទ្រក៏ត្រូវបានបញ្ជូនទៅកាន់តំបន់ក្បែរព្រំដែន។
កាលពីថ្ងៃសៅរ៍ អង្គការណាតូក៏បានរើបុគ្គលិកខ្លួនចេញពីទីក្រុងគៀវទៅកាន់ទីក្រុងអេ លីវីវរបស់អ៊ុយក្រែនជាប់ប៉ូឡូញ(Lviv)និងព្រុចសែល(Brussels)សំរាប់ហេតុផលសុវត្ថិភាព។
សូមរំលឹកថា ពួកឧទ្ទាមគាំទ្រដោយរុស្ស៊ីបានចាប់យកទឹកដីមួយចំណិតនៅអ៊ុយក្រែនខាងកើត ហើយរុស្ស៊ីបានចាប់យកនិងដាក់ជាឧបសម្ពន្ធតំបន់គ្រីមេរបស់អ៊ុយក្រែននៅឆ្នាំ២០១៤ក្រោយមានការប្រឆាំងតវ៉ានិងទម្លាក់មេដឹកនាំអ៊ុយក្រែនដែលគាំទ្ររុស្ស៊ី។អ៊ុយក្រែនបានអះអាងថា មនុស្សជាង១៤.០០០នាក់បានស្លាប់ក្នុងជម្លោះបំបែកទឹកដីនេះចាប់តាំងពីពេលនោះ៕
ពួកមេដឹកនាំផ្តាច់ខ្លួននៅអ៊ុយក្រែនខាងកើតបានប្រកាសចល័តទ័ពទូទៅនិងបញ្ជាជម្លៀសអោយក្មេងនិងស្ត្រីទៅកាន់រុស្ស៊ី។បណ្តាទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបាននិយាយថា គិតត្រឹមថ្ងៃសៅរ៍មនុស្សជាង១០.០០០នាក់បានមកដល់រុស្ស៊ីនៅពេលពួកមេដឹកនាំផ្តាច់ខ្លួននិយាយថា ពួកគេនឹងជម្លៀសមនុស្ស៧០០.០០០នាក់