រកឃើញ​សំបុក​ពង​សត្វ​ពពូលទឹក​លើកដំបូង​ជិត​ផុត​ពូជ​នៅ​ដងស្ទឹង​មេម៉ាយ​ ​

1047
ចែករម្លែក

(​ព្រះវិហារ​)៖ សំបុក​ពង​កូន​សត្វ​ពពូលទឹក ត្រូវបាន​ក្រុម​អ្នក​អភិរក្ស របស់​ក្រសួងបរិស្ថាន​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) និង​ប្រជា​សហគមន៍ បាន​រកឃើញ​ជា​លើកដំបូង​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ នៅ​ដងស្ទឹង​មេម៉ាយ ស្ថិតនៅក្នុង​ដែន​​ជម្រក​សត្វព្រៃ​គូលែន ព្រហ្ម​ទេព ខេត្តព្រះវិហារ ។​

​មន្ត្រី​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២០ ខែកក្កដា​ឆ្នាំ​២០១៧​ថា ទីតាំង​សំបុក​ពង​កូន​សត្វ​ពពូលទឹក ដែល​ទើប​រកឃើញ​នាពេល​​ថ្មីៗ​នេះ អាច​ចាត់ទុកថា ជាការ​រកឃើញ​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ។ វា​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​ទាំង​នៅ​កម្ពុជា​ក៏​ដូច​នៅ​​លើ​ពិភពលោក ។​
​ ​
​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ពពូល​ទឹកបាន​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះ​បំផុត​នឹង​ជិត​ផុត​​ពូជ​នៅលើ​សកលលោក ដោយសារតែ​សត្វ​ទឹក​ប្រភេទ​នេះ ងាយស្រួល​ក្នុងការ​បរបាញ់​របស់​មនុស្ស ដើម្បី​យក​សាច់​ធ្វើជា​អាហារ ។​
​ ​
​មន្ត្រី​បរិស្ថាន​បាន​ឲ្យ​ដឹង​ទៀតថា សត្វ​ពពូលទឹក​គឺជា​ប្រភេទ​សត្វ​យ៉ាង​កម្រ​បំផុត ដែលមាន​វត្តមាន​ភាគ​ច្រើនតែ​នៅក្នុង​ប្រទេស​​អាស៊ី​ប៉ុណ្ណោះ ។ តាម​ការសិក្សា​របស់​អ្នក​បរិស្ថាន​បាន​ឲ្យ​ដឹងថា សត្វ​ពពូលទឹក​វា​មាន​រស់​នៅតែ​

ក្នុងប្រទេស​កម្ពុជា បង់​ក្លា​ដេ​ស ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន​ម៉ា សិង្ហបូរី ថៃ និង​វៀតណាម​ប៉ុណ្ណោះ​។​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​ចំនួន​សត្វ​ពពូលទឹក​នៅលើ​​សកលលោក នៅមាន​សល់​តិចតួច​បំផុត គឺ​ប្រមាណ​តែ​ជាង​១.០០០​ក្បាល ដែល​ក្នុង​ចំនួន​នេះ​សត្វ​ពពូលទឹក​ត្រូវបាន​គេ​ដឹងថា​ វា​មាន​វត្តមាន​រស់នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ៕សម្បត្តិ​កញ្ញា​

រកឃើញ​សំបុក​ពង​សត្វ​ពពូលទឹក​លើកដំបូង នៅ​ដងស្ទឹង​មេម៉ាយ ខេត្តព្រះវិហារ

 

ទីតាំងផ្សាយពាណិជ្ជកម្ម