ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សត្វកណ្តូបចិញ្ចឹមមួយក្បាលបានធ្វើឱ្យម្ចាស់របស់វាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលវាសក ហើយបង្ហាញខ្លួនវាជាកណ្តូបឈ្មោលពាក់កណ្តាលនិងកណ្តូបញីពាក់កណ្តាល។
យោងតាមអ្នកជំនាញនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ កណ្តូបឈ្មោះឆាលី (Charlie) គឺជាប្រភេទសត្វល្អិតមានភេទពីរលើកដំបូងបង្អស់ក្នុងប្រភេទសត្វបែបនេះ។
ពួកគេបាននិយាយថា កណ្តូប ដែលសកនៅផ្ទះរបស់ម្ចាស់វានៅទីក្រុងស៊ូហ្វហ្វូក (Suffolk) របស់អង់គ្លេសដើម្បីបង្ហាញរាងកាយពណ៌បៃតងភ្លឺជាសត្វញី និងស្លាបពណ៌ត្នោតជាសត្វឈ្មោល គឺជា “សត្វដ៏គួរឱ្យចាប់អារម្មណ៍បំផុត”។
ម្ចាស់វាឈ្មោះ ឡូរិន ហ្គាហ្វៀល (Lauren Garfield) ឥឡូវនេះបានបរិច្ចាគឆាលីទៅសារមន្ទីរទីក្រុងឡុងដ៍សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ។
ទោះយ៉ាងណា ម្ចាស់វាបាននិយាយថា ជាអកុសល សត្វល្អិតនេះនឹងត្រូវសម្លាប់ចោលទើបអាចសិក្សាបាននៅពេលអនាគត ព្រោះប្រសិនបើវាងាប់តាមធម្មជាតិ វា “នឹងរួញហើយបាត់បង់ពណ៌”។
លោកស្រីហ្គាហ្វៀលបាននិយាយថា ដើមឡើយឆាលីមើលទៅដូចជាសត្វល្អិតផ្សេងទៀតដែលលោកស្រីរក្សាទុកនិងបង្កាត់ពូជនៅផ្ទះរបស់លោកស្រីក្នុងសង្កាត់វ៉ាល់ឌ្រីងហ្វៀល (Waldringfield)។
ប៉ុន្តែនៅពេលដែលវាសក មនុស្សចាប់ផ្តើមចាប់អារម្មណ៍ ដូច្នេះហើយលោកស្រីក៏ចែករំលែក “ដំណឹងដ៏ចម្លែក” អំពីសត្វកណ្តូបនេះនៅលើហ្វេសប៊ុក។
លោកស្រីបានសរសេរថា “ខ្ញុំបានបង្កាត់ពូជសត្វកណ្តូបពីរបីឆ្នាំហើយ ហើយចៃដន្យបានបង្កាត់ពូជកណ្តូបបៃតងមានភេទពីរ។ នោះមានន័យថាពាក់កណ្តាលជាញី (ផ្នែកពណ៌បៃតង) និងពាក់កណ្តាលជាឈ្មោល (ផ្នែកពណ៌ត្នោតលើស្លាប)”។
កណ្តូបឈ្មោលជាធម្មតាមានរាងកាយប្រវែងចន្លោះពី ៩ សង់ទីម៉ែត្រ ទៅ ១៣ សង់ទីម៉ែត្រ ខណៈកណ្តូបញីមានរាងកាយប្រវែងចន្លោះពី ១៤ សង់ទីម៉ែត្រទៅ ១៨ សង់ទីម៉ែត្រ៕
កណ្តូបឈ្មោះឆាលីមានភេទញីផងឈ្មោលផង យ៉ាងចម្លែក