ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
សត្តមហាឋាន
(ស័ត-តៈមៈ–)
នាមសព្ទ
( បា. ) ទីធំឬទីដ៏ប្រសើរ ៧ កន្លែង; ជាឈ្មោះទី៧ អន្លើដែលព្រះសក្យមុនីសម្ពុទ្ធទើបបានត្រាស់ថ្មីៗ ទ្រង់គង់នៅសម្រាកព្រះអង្គដោយការសោយវិមុត្តិសុខ ក្នុងកន្លែងមួយៗកំណត់៧ថ្ងៃៗ, រួមជា៤៩ថ្ងៃ ។ សត្តមហាឋាននេះ នៅត្រង់តំបន់មួយហៅ ពុទ្ធគយា ក្នុងប្រទេសឥណ្ឌា មាននៅប្រាកដមកដល់សព្វថ្ងៃនេះដោយមានចេតិយដ្ឋានជាគ្រឿងសម្គាល់; ពួកពុទ្ធមាមកៈគ្រប់ប្រទេស តែងកាត់ស្វះពន្លះទៅធ្វើនមស្ការបូជាតាមកាលរដូវឥតអាក់, ឬនៅថែទាំគោរពជានិច្ចនៅនោះក៏មាន ។
ស្និត
នាមសព្ទ
ប្រជុំឬសំណុំផ្លែចេកដែលនៅជាប់នឹងស្ទងឬដែលពន្លះចេញពីស្ទងមកមិនឲ្យរបេះដាច់ពីគ្នា
ស្និតចេក ឬ ចេកមួយស្និត ។
នាមសព្ទ
ក្រាសមួយប្រភេទមានធ្មេញទាំងពីរខាងល្អិតញឹកជិត សម្រាប់សិតឲ្យដោយចៃឬសិតសក់ស្លូតឲ្យរាបជិត ។
ស្វែង
កិរិយាសព្ទ
ស្វះពន្លះរក; សង្វាតរក; ខំប្រឹងរកឲ្យបានដូចបំណង
ស្វែងលាភ, ស្វែងទ្រព្យ ។
ស្វែងស្វះ ឬ ស្វះស្វែង ខំប្រឹងស្វះពន្លះរកក្នុងទីឆ្ងាយៗ ។
អារ
កិរិយាសព្ទ
កាត់, បំបែក, ច្រៀក, កាត់ផ្ដាច់, តម្រឹមដោយរណារ
អារឈើ, អាររម្លំ, អារបំបែក, អារច្រៀក, អារផ្ដាច់, អារតម្រឹម ។
កាត់ពន្លះ, លឿយកាត់ផ្ដាច់ ដោយសស្ត្រាមានកាំបិតជាដើម (រុញទាញៗដូចជាកាត់ដោយរណារ)
អារពន្លះស្បែក ។
អារកាត់ (ព. ប្រ. ) សម្រេចសេចក្ដីដោយកាត់ប្រមាណ, ដោយស្មាន
ខ្ញុំមិនហ៊ានអារកាត់សេចក្ដីនេះទេ ។
គុណសព្ទ
ដែលកាត់ផ្ដាច់ប្រយោជន៍ដែលខ្លួនត្រូវបាន គឺប្រយោជន៍ខាងការបន្តពូជពង្ស និងមាតាបិតុបដ្ឋាន ។
អារ នេះជាពាក្យហៅគូស្វាមីភរិយាដែលឥតកូន គឺដែលមិនធ្លាប់មានកូនសោះ, ហៅថា ស្រីអារ, ប្រុសអារ, អារទាំងពីរនាក់ប្ដីប្រពន្ធ, មេគោអារ (ស្រីអារ ព. ខ្ព. ថា វញ្ឈា) ។
ទ្រព្យអារទ្រព្យផុត ទ្រព្យសម្បត្តិរបស់គូស្វាមីភរិយាទាំងពីរនាក់ដែលអារឥតកូន ហើយអ្នកទាំងពីរនោះឥតបានប្រគល់ឲ្យដល់ញាតិឬដល់បុគ្គលណាមួយសោះឡើយ, លុះឥតអំពីអ្នកទាំងពីរនាក់នោះទៅ, ទ្រព្យសម្បត្តិនោះត្រូវបានជាប្រយោជន៍នៃឃ្លាំងព្រះរាជទ្រព្យ ឬជាប្រយោជន៍ឃ្លាំងរបស់រាជការ គឺត្រូវទុកជាសម្បត្តិរបស់ប្រទេសជាតិតទៅ
ស្រែនិងចម្ការនោះជាទ្រព្យអារទ្រព្យផុតនៃតា “ក.” យាយ “ច.” ។
ពាក្យជាគុណបទនេះ កាលពីដើម អ្នកសរសេរតាមទម្លាប់រៀងខ្លួន គឺសរសេរជា អា ក៏មាន ជា អារ ក៏មាន, តាំងពីនេះតទៅគួរសរសេរជា អារ ចុះ ព្រោះមានអត្ថន័យសមជាង អា ។
សោបាន
(—ប៉ាន)
នាមសព្ទ
( សំ. បា. ) ជណ្ដើរ; បង្អោង ( បា. ប្រើជា សោបាណ ក៏មាន; ព. កា. ឬ រ.ស. ); ព. កា. ថា
ស្ដេចស្ដែងទ្រង់បាន ឡើងតាមសោបាន ចូលថ្កានប្រាសាទ រាជកញ្ញា ប្រសើរស្អាងស្អាត សម្រាលព្រះបាទ ពុំឲ្យឮសូរ ។
នាគសោបាន ជណ្ដើរមានរូបនាគ ( ជណ្ដើរនាគ )
លុះហែសពរាជា មកដល់នាមេរុដ្ឋាន មាននាគសោបាន គេបានយោងព្រះសពឡើង ។ តម្កល់លើបញ្ចា ដ៏ថ្លៃថ្លារុងរឿងថ្កើង មន្ត្រីសឹងកាន់គ្រឿង សក្ការៈថ្វាយព្រះសព ។