ប្រែសម្រួលៈបំណង (BLOOMBERG)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្កត់ ម៉ូរីសុន(Scott Morrison)បានហៅការដែលនាវាកងទ័ពជើងទឹកចិនតម្រង់កាំរស្មីឡាហ្សែរ(laser)ដាក់យន្តហោះស៊ើបការណ៍មួយរបស់អូស្ត្រាលីនៅឯនាយឆ្នេរខាងជើងនោះថាជា«អំពីបំភិតបំភ័យ»មួយ។
ឧបទ្ទវហេតុនេះបានកើតឡើងកាលពីបីថ្ងៃមុននៅពេលយន្តហោះល្បាត ភី-អេចអេ ផូសាយដិន(P-8A Poseidon)ចាប់បានកម្មរស្មីឡាហ្សែរចេញពីនាវាចម្បាំងចិនមួយដែលបើកកាត់សមុទ្រអារ៉ាហ្វូរ៉ា(Arafura) នេះបើតាមក្រសួងការពារជាតិអូស្ត្រាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ទី១៩កុម្ភៈ។
លោកម៉ូរីសុន បានឆ្លើយតបកាលពីថ្ងៃអាទិត្យក្នុងការបញ្ចេញមតិក្នុងទូរទស្សន៍នៅក្រុងមែលប៊ន។
លោកបាននិយាយថា « ខ្ញុំមានការព្រួយបារម្ភជាខ្លាំងអំពីអំពើប្រើឡាហ្សែរ។ខ្ញុំមិនអាចមើលឃើញវិធីណាផ្សេងក្រៅពីចាត់ទុកវាជាអំពើបំភិតបំភ័យ បង្ករឿង មិនត្រឹមត្រូវមួយ ហើយអូស្ត្រាលីគ្មានពេលនឹងទទួលអំពើបំភិតបំភ័យដូច្នេះឡើយ»។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអូស្ត្រាលីនិងចិនកាន់តែធ្លាក់ចុះដុនដាបនៅប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារបញ្ហាចាប់ពីការវិនិយោគ កូវីដ១៩ បក្ខសម្ពន្ធយោធារហូតដល់ការជ្រៀតជ្រែករបស់បរទេសក្នុងនយោបាយក្នុងស្រុក។វាបានដាំក្បាលចុះខ្លាំងនៅពេលលោកម៉ូរីសុន អំពាវនាវអោយមានការស៊ើបអង្កេតមួយលើប្រភពដើមនៃជំងឺកូវីដ១៩ ដែលធ្វើអោយចិនខឹងក្រេវក្រោធខ្លាំង។ជាការឆ្លើយតប ចិនបានចាត់វិធានការពាណិជ្ជកម្មបែបដាក់ពិន័យដោយផ្តោតលើទំនិញអូស្ត្រាលីចាប់ពីធ្យូងថ្ម ស្រូវសាឡី បង្កងនិងស្រា៕
លោកម៉ូរីសុនបាននិយាយថាលោកនឹងលើកបញ្ហាឡាហ្សែរនេះទៅនិយាយជាមួយចិនដោយផ្ទាល់តាមរយៈបណ្តាញការទូតនិងយោធា
ក្រសួងការពារជាតិអូស្ត្រាលីបាននិយាយថា នាវាកងទ័ពជើងទឹកចិនដែលបានប្រើឡាហ្ស៊ែរនេះ អមដំណើរនាវាចិនមួយទៀតនិងបានបើកឆ្លងកាត់ចក្រសមុទ្រថ័ររេសស្ត្រេត(Torres Strait)នៅទឹកដីខាងជើងរបស់អូស្ត្រាលីកាលពីថ្ងៃ១៨កុម្ភៈ