ដោយ: បាយ័ន/សៀមរាប: ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍ សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្ដសៀមរាប កម្លាំងកងរាជអាវុធហត្ថ(អ.ហ) និងមន្ត្រីជំនាញមូលដ្ឋាន ដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត សៀមរាប និងមានការចូលរួមពីលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបទទួលបន្ទុកការអនុវត្តការងារជាប្រចាំតាមដងផ្លូវជាតិលេខ៦ នៅភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នេះបើតាមការផ្យាយរបស់សាលាខេត្តសៀមរាបនៅថ្ងៃនេះ។
ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសបានត្រួតពិនិត្យយានយន្តសរុបចំនួន ៧២គ្រឿង យានយន្តត្រឹមត្រូវចំនួន ៦៥គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ០៧គ្រឿង ដោយបានដោះរានតក្រោយរថយន្តចំនួន ០១គ្រឿង ដោះភ្លើងបំពាក់រថយន្តខុសលក្ខណៈបច្ចេកទេសចំនួន ០១គ្រឿង ពិន័យម្ចាស់រថយន្តមិនយកឯកសារមកចំនួន ០១នាក់ (០១គ្រឿង) បានពិន័យម្ចាស់រថយន្តទៅលើឈៀកផុតសុពលភាពចំនួន ០១នាក់(០១គ្រឿង) បានពិន័យម្ចាស់រថយន្តទៅលើអាជីវកម្មផុតសុពលភាពចំនួន ០១នាក់(០១គ្រឿង) និងបានពិន័យអ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពចំនួន ០១នាក់(០១គ្រឿង) ត្រួតពិនិត្យរកសារធាតុញៀនសរុប ចំនួន ១៦នាក់ មានសារធាតុញៀនក្នុងខ្លួនចំនួន ០១នាក់(អ្នកបើកបរ ០១នាក់ )។
ជាមួយគ្នានោះដែរ ក្រុមការងារក៏បានចែកខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ មានដូចជា សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០ក្បាល ឯកសារជំនួយស្មារតីអ្នកបើកបរ ៣០សន្លឹក និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ៣០ក្បាល៕