ដោយ: ភ្នំសន្ទុក/កំពង់ធំ: ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឆ្លើយតបទៅនឹងការគ្រប់គ្រងដីចំណីផ្លូវតាមដងផ្លូវជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងរដ្ឋបាលស្រុកស្ទោងបានរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយសាធារណៈ ដោយកំណត់យកក្នុងទីប្រជុំជនតាមដងផ្លូវជាតិលេខ៦ក្នុងស្រុកស្ទោង។
លោក សាយ គឹមឡម ក្នុងនាមរដ្ឋបាលស្រុកស្ទោង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ផ្លូវជាតិលេខ៦ ចាប់ពីច្រមុះជ្រូកសាលាស្រុកស្ទោងភូមិសាមក្អោក ឃុំទ្រាដល់ច្រមុះជ្រូកភូមិមឈាយ សំព្រោជ ។
លោកបានបន្ត ថា ដើម្បីបញ្ជៀសនូវការកស្ទះដោយសារភាពរញ៉េរញៃដែលបណ្តាលមកពីការសាងសង់តសំយាប ដើម្បីដាក់លក់ទំនិញនៅតាមផ្ទះ ក៏ដូចជាការដាក់ស្លាកយីហោ និងមានទឹកដក់នៅតាមដងផ្លូវធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបរដ្ឋបាលស្រុកស្ទោង បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយសាធារណៈ ដោយកំណត់យកក្នុងទីប្រជុំជនតាមដងផ្លូវជាតិលេខ៦ ក្នុងស្រុកស្ទោង លេខ ០០៣/២២ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីថែរក្សាគុណភាពផ្លូវឲ្យជាប់បានយូរ និងកែលម្អសោភ័ណភាព ឲ្យមានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនា។ លោកក៏បានបញ្ជាក់ផងដែរថា សេចក្តីជូនដំណឹងនេះនិងបញ្ចប់នៅថ្ងៃទី ០២ ខែមីនាឆ្នាំ ២០២២ខាងមុខ៕