ប្រែសម្រួលៈបំណង(ST,ដេល្លីម៉េល)៖ មហាក្សត្រិយានី អេលីហ្សាបេតទីពីរ របស់អង់គ្លេសបានកើតកូវីដ១៩ នេះបើតាមការប្រកាសរបស់ព្រះបរមរាជវាំងបាក់ឃីងហែម។
ព្រះមហាក្សត្រ ព្រះជន្ម ៩៥ វស្សា បានតេស្តិ៍វិជ្ជមានកូវីដ១៩និងចេញរោគសញ្ញាកំរិតស្រាលដូចផ្តាសាយ តែរំពឹងថានឹងអនុវត្តភារកិច្ចស្រាលៗនៅសប្តាហ៍ខាងមុខ។
ប្រមុខរដ្ឋរូបនេះបានធ្លាក់ខ្លួនប្រឈួនក្រោយព្រះអង្គបានប៉ះពាល់បុត្រច្បងនិងជាអ្នកស្នងរាជ្យដោយផ្ទាល់គឺព្រះអង្គម្ចាស់ឆាល នៅសប្តាហ៍ដែលទ្រង់មានជំងឺនេះ។
ការប្រកាសដ៏ភ្ញាក់ផ្អើលនេះត្រូវបានធ្វើឡើងនៅពីរសប្តាហ៍បន្ទាប់ពីព្រះមហាក្សត្រគ្រងរាជ្យយូរបំផុតលើលោកអង្គនេះបានឈានចូលខួបគ្រងរាជ្យសម្បត្តិអស់៧០ឆ្នាំកាលពីថ្ងៃ៦កុម្ភៈ។
ព្រះបរមរាជវាំងបាក់ឃីងហែម(Buckingham)បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «វិមានបាក់ឃីងហែមសូមអះអាងថា មហាក្សត្រិយានីនៅថ្ងៃនេះត្រូវបានតេស្តិ៍ឃើញកូវីដ១៩។ព្រះករុណាមានអារម្មណ៍ដូចផ្តាសាយស្រាលតែរំពឹងថានឹងបន្តរាជកិច្ចតូចតាចនៅវិមានវីនស័រ(Windsor)នៅសប្តាហ៍ខាងមុខ។ព្រះអង្គទ្រង់នឹងបន្តទទួលការព្យាបាលវេជ្ជសាស្ត្រហើយនឹងអនុវត្តមានការណែនាំសមស្របទាំងអស់»។
ការព្រួយបារម្ភខ្លាំងមុខជាកើតមានពេញមួយប្រទេសដោយសារមហាក្សត្រិយមានព្រះជន្មច្រើននិងមានបញ្ហាសុខភាពនៅប៉ុន្មានខែមកនេះ ។
ប្រធានក្រុមគ្រូពេទ្យប្រចាំព្រះបរមរាជវាំងបាននិយាយថា រាជវង្សមានក្រុមគ្រូពេទ្យផ្ទាល់របស់ខ្លួន ហើយពួកវេជ្ជបណ្ឌិតរបស់មហាក្សត្រិយនឹងមើលថែតាមដានព្រះរាជសុខភាពរបស់ទ្រង់។
សូមបញ្ជាក់ថា មហាក្សត្រិយានី អេលីហ្សាបេត ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ចំនួនបីដង បានជួបព្រះអង្គម្ចាស់ឆាលកាលពីថ្ងៃអង្គារទី៨កុម្ភៈនិងប៉ុន្មានថ្ងៃក្រោយមកព្រះអង្គម្ចាស់រជ្ជទាយាទបានតេស្តិ៍ឃើញកូវីដ១៩ តែបានជាសះស្បើយពីជំងឺនេះយ៉ាងលឿន។មហេសីរបស់ព្រះអង្គម្ចាស់ឆាលក៏កើតកូវីដនិងរហូតមកទល់ថ្ងៃ១៤កុម្ភៈនៅដាក់ខ្លួនដាច់ដោយឡែកពីគេនៅឡើយ។
វាជាលើកទី២ដែលអនាគតស្តេចអង់គ្លេសរូបនេះបានឆ្លងកូវីដ ដោយកាលពីខែមីនាឆ្នាំ២០២០ព្រះអង្គបានឆ្លងវាម្តង៕
មហាក្សត្រិយានី ដែលស្វាមីរបស់ទ្រង់បានសោយទិវង្គតកាលពី១០ខែមុន បានចំណាយពេលភាគច្រើនក្នុងអំឡុងផ្ទុះកូវីដពីរឆ្នាំមកនេះនៅក្នុងវិមានវីនស័រ។ព្រះអង្គជាមហាក្សត្រអង់គ្លេសទី១ដែលគ្រងរាជ្យដល់៧០ឆ្នាំ