ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន មានឆន្ទៈជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ី “ពេលណាក៏បានដែរ” ដើម្បីទប់ស្កាត់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមអ្នកការទូតកំពូលរបស់គាត់ដែលនិយាយកាលពីថ្ងៃអាទិត្យទី២០កុម្ភៈថា ប្រទេសរុស្ស៊ីហាក់កំពុងជិតបើកការឈ្លានពានអ្នកជិតខាងរបស់ខ្លួនហើយ។
នៅក្នុងកម្មវិធីជជែកដ៏ក្តៅគគុក រដ្ឋមន្ត្រីការបរទេសលោក អ៊ែនថូនី ប្លីងកិន បានប្រាប់ទូរទស្សន៍ CNN ថា “អ្វីគ្រប់យ៉ាងដែលយើងកំពុងឃើញបង្ហាញថានេះគឺជាស្ថានភាពដ៏ធ្ងន់ធ្ងរដែលយើងកំពុងជិតឃើញការឈ្លានពាន”។
សកម្មភាពយោធាដ៏គឃ្លើនបានចាប់ផ្តើមរួចហើយនៅក្នុងនិងជុំវិញអ៊ុយក្រែនដែលកំពុងប្រឈមនឹងការបាញ់ផ្លោងកាន់តែខ្លាំងពីក្រុមឧទ្ទាមបំបែកខ្លួនគាំទ្រដោយរុស្ស៊ីនិងកងកម្លាំងនៃអ្វីដែលលោកប្លីងកិននិងរដ្ឋធានីនានារបស់លោកខាងលិចនិយាយថាជាទាហានរុស្ស៊ីជាង ១៥០.០០០ នាក់នៅតាមព្រំដែនរបស់ខ្លួន។
លោកប្លីងកិនបាននិយាយថា “ប៉ុន្តែរហូតដល់ពេលរថក្រោះរំកិលចូលនិងយន្តហោះចាប់ផ្តើមហោះចូលយើងនឹងប្រើគ្រប់ឱកាសនិងគ្រប់នាទីដែលយើងមានដើម្បីមើលថាតើការទូតនៅតែអាចរារាំងប្រធានាធិបតីពូទីនពីការរុលទៅមុខដែរឬអត់”។
លោកបានប្រាប់កម្មវិធី Face the Nationរបស់ទូរទស្សន៍ CBS ថា លោកបៃដិនបានបញ្ជាក់យ៉ាងច្បាស់ថាលោកត្រៀមខ្លួនជួបជាមួយប្រធានាធិបតីពូទីនគ្រប់ពេលក្នុងទម្រង់ណាមួយក៏បាន ប្រសិនបើនោះអាចជួយទប់ស្កាត់សង្គ្រាម។
យោងតាមសេតវិមាន មេដឹកនាំទាំងពីរបាននិយាយគ្នាចុងក្រោយតាមទូរស័ព្ទកាលពីថ្ងៃទី ១២ ខែកុម្ភៈ។
នៅអ៊ុយក្រែន ការបាញ់ផ្លោងបន្ថែមទៀតត្រូវបានស្តាប់ឮដោយអ្នកយកព័ត៌មានរបស់ AFP ពេញមួយយប់នៅជិតខ្សែត្រៀមជួរមុខរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមគាំទ្រដោយទីក្រុងមូស្គូ ដែលកាន់កាប់ផ្នែកខ្លះនៃស្រុកលូហ្គានស៍ (Lugansk)និងដូណិតស៍ (Donetsk)។
រដ្ឋាភិបាលក្រុងមីនស៍ (Minsk)បានប្រកាសកាលពីថ្ងៃអាទិត្យថា នៅប្រទេសបេឡារូស ដែលមានព្រំប្រទល់ជាប់ទាំងរុស្ស៊ីនិងអ៊ុយក្រែន សមយុទ្ធយោធារុស្ស៊ីកំពុងបន្ត។
លោកប្លីងកិនបាននិយាយថា នោះគ្រាន់តែជាសញ្ញាមួយក្នុងចំណោមសញ្ញាមួយចំនួនដែលថាទីក្រុងមូស្គូកំពុងត្រៀមខ្លួនសម្រាប់ការលុកលុយប៉ុណ្ណោះ ដោយលោកពូទីន”ធ្វើតាមស្គ្រីបស្ទើរតែទាំងអស់ហើយ”។
លោកប្លីងកិនបាននិយាយថា “វាប្រាប់យើងថា សៀវភៅល្បិចកល់ដែលយើងបានដាក់ចេញ, ខ្ញុំបានដាក់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុនអំពីប្រទេសរុស្ស៊ីព្យាយាមបង្កើតការញុះញង់ជាបន្តបន្ទាប់ដើម្បីជាលេសសម្រាប់ការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន កំពុងដំណើរការទៅមុខហើយ”៕
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកអានថូនី ប្លីងកិន