ដោយៈសុផល/ភ្នំពេញ:ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសមានភ្ញៀវចេញដើរកម្សាន្តសរុបចំនួន១៩៩.០៦៧នាក់ ក្នុងនោះមានភ្ញៀវជាតិ១៨៨.០៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០.៩៨៦នាក់។ ចំនួនអ្នកទេសចរតាមគោលដៅនាចុងសប្តាហ៍នេះបានថយចុះ៩.៤៤% ធៀបនឹងចុងសប្តាហ៍កន្លងមក។
របាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរចំនួន ៤៥.២១៦នាក់,
រាជធានីភ្នំពេញ ២៤.៨០៤នាក់, ខេត្តពោធិ៍សាត់ ២៤.៧៤១នាក់, ខេត្តបាត់ដំបង ២២.៨៤២នាក់, ខេត្តសៀមរាប ១៦.៥៦៧នាក់, ខេត្តកំពត ១៤.៧៤៦នាក់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ការបន្តកំរើកឡើងនៃការឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍មានការថមថយខ្លះនាចុងសប្តាហ៍នេះ។ ជាក់ស្តែង តួលេខមានការថយចុះ ៩,៤៤% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ប៉ុន្តែការថមថយនេះនៅមានកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពពេលដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់។
តាមការសង្កេតជាក់ស្តែងរបស់មន្ទីរទេសចរណ៍ ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមបណ្តាខេត្តមិនសូវមានចំនួនច្រើនដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។
ចាប់តាំងពីសប្តាហ៍មុន និងបន្តដល់ចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ឲ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និង SOP លើគ្រប់សេវាកម្មទេសចរណ៍ និងខិតខំបន្តគ្រប់គ្រងចរន្តភ្ញៀវទេសចរកុំឲ្យមានកកកុញ ឬប្រមូលផ្តុំច្រើនពេលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា៕