ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ មន្ត្រីកំពង់ផែបាននិយាយថា អ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើងដែលបានឆាបឆេះកាលពីថ្ងៃពុធទី១៦កុម្ភៈនៅលើនាវាដឹករថយន្តទំនើបៗរាប់ពាន់គ្រឿង ដែលរសាត់ចេញពីឆ្នេរសមុទ្រនៃកោះអាហ្សូរ៉េស (Azores) របស់ព័រទុយហ្គាល់ ដោយបន្ថែមថាគេនៅមិនទាន់ច្បាស់ទេថាពេលណាទើបអាចពន្លត់ភ្លើងបានជោគជ័យ។
នាវា Felicity Ace ដែលផ្ទុករថយន្តប្រណីតប្រហែល ៤.០០០ គ្រឿង រួមទាំងរថយន្ត Porsch, Audi និង Bentley ដោយរថយន្តអគ្គិសនីមួយចំនួនបានបំពាក់ជាមួយអាគុយលីចូមនោះ បានឆាបឆេះនៅកណ្តាលមហាសមុទ្រអាត្លង់ទិកកាលពីថ្ងៃពុធ។
សមាជិកនាវិក ២២ នាក់នៅលើនាវាត្រូវបានជម្លៀសចេញនៅថ្ងៃដដែល។
លោក ចាវ មេនដេស កាបេកាស (João Mendes Cabeças)ជាប្រធានកំពង់ផែជិតបំផុតនៅទីក្រុងហ្វៃអាល់ (Faial) នៃកោះអាហ្សូរ៉េសបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីល្ងាចថ្ងៃសៅរ៍ថា “អន្តរាគមន៍ដើម្បីពន្លត់ភ្លើងត្រូវបានធ្វើឡើងសន្សឹមៗ។ វានឹងចំណាយពេលយូរបន្តិច”។
លោកកាបេកាសបាននិយាយថា អាគុយលីចូម-អ៊ីយ៉ុងនៅក្នុងរថយន្តអគ្គិសនីនៅលើនាវាកំពុង “រក្សាភ្លើងឱ្យនៅបន្តឆាបឆេះ” ដោយបន្ថែមថា ឧបករណ៍ជំនាញដើម្បីពន្លត់វាកំពុងធ្វើដំណើរមកហើយ។
គេមិនទាន់ដឹងច្បាស់ទេថាតើអាគុយបានបង្កឱ្យមានភ្លើងឆាបឆេះឬយ៉ាងណានោះ៕
នាវា Felicity Ace នៅបន្តឆេះមិនទាន់រលត់ទេ