ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនៅព្រឹកថ្ងៃទី២១ខែកុម្ភៈនេះបានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាព
ក្នុងឱកាសនេះសម្តេចតេជោហ៊ុនសែនបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ។សម្តេចតេជោបានបញ្ជាក់ថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនក្នុងវិស័យផ្សេងៗ ដូចជាវិស័យសុខាភិបាល វិស័យសេវាកម្ម ដូចជា ធនាគា សណ្ឋាគារ ភោជនីដ្ឋាន និងគ្រូបង្រៀន រួមទាំងវិស័យយោធាផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ លោកស្រី ជូ ប៊ុនអេង តំណាងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានថ្លែងថា «ការអភិវឌ្ឍសមត្ថភាពស្តីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន ។ ពីឆ្នាំ២០២០-២០២១ ស្ត្រីចំនួន២២៣៥ នាក់ នៃចំនួនអ្នកចូលរួមសរុប៣៨៧១នាក់ បានចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស»។នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។ ក្រសួងបានបើកវគ្គតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ អ្នកចូលរួម ១ ១២៣ នាក់(ស្ត្រី៨៤០នាក់)»។
លោកស្រី ជូ ប៊ុនអេង បន្តថា នៅ ឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានសម្របសម្រួលរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២០-២០២១ និងផែនការសកម្មភាពការងារឆ្នាំ២០២២ ដោយមានការចូលរួមផ្តល់ធាតុចូលរបាយការណ៍ពីក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងការផ្តល់យោបល់ពីក្រុមការងារបច្ចេកទេសយេនឌ័រ ព្រមទាំងការឯកភាពពីសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ៕សរន