ដោយៈ ប​.​ខុន / ភ្នំពេញៈ អាកាសធាតុ​ត្រជាក់ នៅពេល​យប់ និង​ពេលព្រឹក បាន​ត្រឡប់ មកវិញ ដោយ​ចាប់ផ្តើម​ពី​យប់​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ តែ​មិន​ត្រជាក់​ខ្លាំង ដូច​ការចុះ​ត្រជាក់ នៅក្នុង​ខែធ្នូ និង​ខែមករា​ទេ សម្រាប់ តំបន់​ខ្នងភ្នំ សីតុណ្ហភាព អប្បបរមា អាច​ចុះ​ដល់ ១៦ អង្សា​សេ បណ្តា​ខេត្ត​នៅ តំបន់​ខ្ពង់រាប ១៨ អង្សា​សេ និង​តំបន់​ទំនាប កណ្តាល អាច​ចុះ​ដល់​រង្វង់​កម្រិត ពី ១៨ ទៅ ១៩ អង្សា​សេ​។

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២​ថាៈ អាកាសធាតុ​ត្រជាក់ បាន​ត្រឡប់មកវិញ ដោយ​ចាប់ផ្តើម នៅ​យប់​នេះ (២១​កុម្ភៈ​) ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ តែ​មិន​ត្រជាក់​ខ្លាំង ដូច​ការចុះ​ត្រជាក់ នៅក្នុង​ខែធ្នូ និង​ខែមករា​នោះទេ ដោយ​ចុះ​ត្រជាក់ តែ​នៅ​ពេលយប់ និង​ពេលព្រឹក​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បានបញ្ជាក់​ថាៈ សីតុណ្ហភាព អប្បបរមា អាច​នឹង​ចុះ ដល់ ១៦ អង្សា​សេ សម្រាប់​តំបន់​ខ្នង និង ពី ១៨ ដល់ ១៩ អង្សា​សេ នៅលើ​បណ្តា​ខេត្ត វាលទំនាប​កណ្តាល និង​តំបន់​ខ្ពង់រាប​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹង​ផងដែរ​ថាៈ ស្របពេល​អាកាសធាតុ​ត្រជាក់ ត្រឡប់មកវិញ​នេះ ការធ្លាក់​ភ្លៀង​ខុស​ប្រក្រតី ក៏បាន​ចុះខ្សោយ​ទៅវិញ នៅក្រោយ​ថ្ងៃទី​២២ ខែកុម្ភៈ​។ នៅថ្ងៃនេះ ភ្លៀង​កម្រិត​ខ្សោយ កើត​មាននៅ តំបន់​ទំនាប​កណ្តាល ភាគ​ពាយព្យ និង​ទំនាប​កណ្តាល​ភាគ​អ​គ្នេ​យ៍​។ នៅ​ដើម ខែមីនា អាច​នឹងមាន​ភ្លៀង​ធ្លាក់ បន្តបន្ទាប់​ជាថ្មី​៕/V​-PC