ដោយៈ សុវណ្ណ​កុម្ភៈ / ភ្នំពេញៈ បន្ទាប់ពី​ខកខាន​ចំនួន​មួយ​លើក កាលពី​ឆ្នាំ​២០២០ នោះ សម្រាប់​ឆ្នាំ​២០២២ នេះ ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ (3rd National Games) នឹង​ចាប់ផ្ដើម​ឡើងវិញ​ហើយ ។​

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ថាៈ ប្រសិនបើ​គ្មាន​ការរំខាន ដោយសារ​ជំងឺ​កូ​វីដ ១៩ ទេនោះ ឆ្នាំ​២០២២ នេះ គឺជា​ការប្រកួត កីឡា​ជាតិ លើក​ទី​៤ ទៅហើយ​។ ទោះជា យ៉ាងណា ក៏​ឆ្នាំ​២០២២ នេះ ការរៀប​ចំការ ប្រកួត​កីឡា​ជាតិ នឹងធ្វើ​ឡើង ក្នុងអំឡុង​ខែវិច្ឆិកា ។​

​ទាំង​ក្រសួង​អប់រំ យុវជន និង កីឡា ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​ពិនិត្យ មើល​ពី​គុន​ផល នៃ​ប្រភេទ​កីឡា ដែល​ចូលរួម​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ជាមុនសិន ព្រោះ​ការប្រកួត​កីឡា​ជាតិ លើក​នេះ គឺជា​ការប្រកួត ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​

​ប្រភេទ​កីឡា​ណា ដែល​មិនមាន​ការរីកចម្រើន ឬ​គុណ​ផល​ធ្លាក់ចុះ​នោះ នឹងមិន​ដាក់​ឲ្យ ប្រកួត កីឡា​ជាតិ​ឡើយ ។ ឆ្នាំ​២០២៣ ជា​ឆ្នាំ ដែល​កម្ពុជា ត្រូវតែ​សម្រួច​ឆន្ទៈ ប្រជែង មេដាយ ព្រោះ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ យើង​មិនអាច អង្គុយ​មើល គេ​ស្ពាយ​មេដាយ ពី​ស្រុក​យើង​ទៅ​ប្រទេស គេ​ដោយ​ងាយៗ ពេក​ឡើយ ។​

​ប្រមុខ​អាជ្ញាធរ​កីឡា​រូបនេះ បាន​បន្តថាៈ បន្ទាប់ពី​បញ្ចប់​ស៊ី​ហ្គេម នៅ​វៀតណាម ទើប​កំណត់ ពី​ប្រភេទ​កីឡា សម្រាប់​ការប្រកួត​កីឡា​ជាតិ ។​

​ក្រសួង​អប់រំ យុវជន និង កីឡា និង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​ពិនិត្យមើល​គ្រប់​សហព័ន្ធ​ជាតិ តើ​មាន​កីឡាករ កីឡាការិនី​ល្អៗ ប្រកបដោយ​គុណភាព ឬទេ ?

​សហព័ន្ធ​ជាតិ មាន​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម មន្ត្រី​រៀបចំ​ការប្រកួត ដែលមាន​សមត្ថភាព​ឬ​ទេ ? ការ​សម្លឹងមើល​ទីកន្លែង​ប្រកួត (​ហេដ្ឋារចនាសម្ព័ន្ធ​)​។ ​ជាមួយគ្នានេះ គ្រប់​សហព័ន្ធ ដែល​អាច​ចូលរួម​ប្រកួត​កីឡា​ជាតិ​បាន ត្រូវតែ​ជា សមាជិក របស់​សហព័ន្ធ​អន្តរជាតិ បើ​មិនមែនជា​សមាជិក សហព័ន្ធ​អន្តរជាតិ ទេនោះ គឺ​មិនអាច​ចូ​រួម ប្រកួត​បានឡើយ ។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ជាតិ គឺជា​ការប្រកួត​របៀប​ហ្គេម ដែល​សហព័ន្ធ ជាតិ នីមួយៗ ត្រូវតែមាន​សមត្ថភាព រៀបចំ​ការប្រកួត​រៀប​ចំ​ទីលាន មានប​មន្ត្រី​បច្ចេកទេស គ្រប់គ្រាន់ ដូច​នៅ​ក្នុ​ស៊ី​ហ្គេម យ៉ាង​អីចឹង ។​

​កម្ពុជា ចាប់ផ្ដើម​រៀបចំ​ការប្រកួត​កីឡា​ជាតិ បាន​ចំនួន ២ លើក មកហើយ គឺ​ឆ្នាំ​២០១៦ និង​ឆ្នាំ ២០១៨ តែ​ឆ្នាំ​២០២០ ត្រូវ​អាក់ខាន​ដោយសារ​កូ​វីដ​១៩ ។​

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ឆ្នាំ​២០១៦ កាលនោះ ដាក់ ១៤ ប្រភេទ​កីឡា ដែលមាន ១៩៣ វិញ្ញាសា ឲ្យ​ប្រកួត ដែល​កាលនោះ មាន​មាន​ក្រសួង រាជធានី ខេត្ត​ចំនួន ២៧ ចូលរួម ។​

​ឆ្នាំ​២០១៨ ដែលជា​ការប្រកួត​កីឡា​ជាតិ លើក​ទី​២ នោះ កីឡា​ចំនួន ២៧ ប្រភេទ ដែលមាន​ចំនួន ២៧៨ វិញ្ញាសា ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ដែលមាន ២៨ ក្រសួង រាជធានី ខេត្ត​ចូលរួម ។​

​សម្រាប់​ការប្រកួត​លើក​ទី​៣​នេះ សមាសភាព ដែល​ចូលរួម​ទំនងជា​មិន ប្រែប្រួល​នោះទេ តែ​ប្រភេទ​កីឡា ដែល​ដាក់​ឲ្យ​ប្រកួត គឺ​ដាក់​តែ​ប្រភេទ​កីឡា ដែល​តម្រូវ​សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែលជា​ប្រភេទ​កីឡា មាន​សក្ដានុពល ក្នុងការ​ដណ្ដើមយក​មេ​ដាយ ជូន​ជាតិ​នា​ស៊ី​ហ្គេម​លើក​ទី​៣២ តែប៉ុណ្ណោះ ៕/V​-PC