ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈ មន្ត្រីជំនាញនិងអាជ្ញាធរក្រុងសែនមនោរម្យដំឡើងជញ្ជីងយុត្តិធម៌នៅក្នុងផ្សារក្រុងសែនមនោរម្យចំនួនពីរទីតាំង ប្រយោជន៍ទុកឱ្យសាធារណជនប្រើប្រាស់សម្រាប់ថ្លឹងទំនិញនានាដើម្បីបញ្ជាក់ពីភាព្រឹមត្រូវនៃភ្នែក ជញ្ជីងរបសអ្នកលក់ដែលខ្លួនបានទិញពីអាជីវករក្នុងផ្សារ។ ខណៈរកឃើញថា មិនត្រឹមត្រូវអ្នកទិញអាចនឹងធ្វើតវ៉ាបាន។
លោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ បានឲ្យដឹងថា មន្ត្រីជំនាញសហការជាមួយអាជ្ញាធរ មូលដ្ឋាន និងគណៈកម្មការផ្សារ សែនមនោរម្យ ដើម្បីដំឡើងជញ្ជីងយុត្តិធម៌ដែលមានសុក្រឹតភាពច្បាស់លាស់ចំនួនពីរទីតាំង ប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋដែលទិញទំនិញត្រីសាច់ បន្លែ ផ្លែឈើ នៅក្នុងផ្សារនេះ អាចប្រើប្រាស់ ក្នុងការថ្លឹងផ្ទៀងផ្ទាត់គីឡូជាមួយនឹងភ្នែកជញ្ជីងរបស់អ្នកលក់ដើម្បីជៀសវាងការខាតបង់នានា។
លោកបានបន្តថាមន្ទីរជំនាញមិនត្រឹមតែមានការដំឡើងជញ្ជីងយុត្តិធម៌នេះក្នុងផ្សារសែនមនោរម្យទេគឺនៅគ្រប់បណ្ដាស្រុកផ្សេងទៀតក៏មានការដំឡើងជញ្ជីងនេះ ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់និងភាពត្រឹមត្រូវ ក្នុងការជួញដូរទំនិញនានា ។
លោកអនុប្រធានមន្ទីរក៏បានសំណូមពរដល់ អាជីវករទាំងអស់ សូមយកជញ្ជីង ដែលប្រើសម្រាប់ថ្លឹងទំនិញត្រីសាច់ បន្លែ ផ្លែឈើ នានា ទៅមន្ទីររៀងរាល់ម៉ោងធ្វើការដើម្បីត្រួតពិនិត្យ បច្ចេកទេសនិងលក្ខណៈត្រឹមត្រូវឲ្យបានច្បាស់លាស់ ដើម្បីទំនុកចិត្តដល់អតិថិជនរបស់ខ្លួន។
លោក ឃុន អូន អភិបាលរងក្រុងមនោរម្យ បានថ្លែងអំណរគុណដល់មន្ទីរឧស្សាហកម្ម ដែលបានយកចិត្តទុកដាក់ បំពាក់ជញ្ជីងយុត្តិធម៌ ក្នុងផ្សារក្រុងសែនមនោរម្យ ដែលជាផ្សារធំរបស់ខេត្ត។ លោកថា នេះគឺជា រឿងដ៏ល្អមួយសម្រាប់ អ្នកលក់និងអ្នកទិញ អាចទទួលយកបាន របៀបត្រឹមត្រូវរៀនខ្លួន។
លោកអភិបាលរងក្រុងក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលតែប្រកាន់យកភាពទៀងត្រង់និងយុត្តិធម៌នេះ ឲ្យបានល្អ ។ ក៏សូមថែរក្សាជញ្ជីងនេះឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា។
ស្ត្រីមេផ្ទះពីររូបបានយកទំនិញដែលខ្លួនទិញ ទៅថ្លឹងនៅជញ្ជីងយុត្តិធម៌ លើកឡើងដូចគ្នាថា គាត់សប្បាយចិត្ត នៅពេលដែលជញ្ជីងនេះ ត្រូវបានមន្ត្រីជំនាញដំឡើងនៅក្នុងផ្សារ។ មានជញ្ជីងនេះគាត់អាច យកទំនិញ ដែលទិញ ទៅថ្លឹងផ្ទៀងផ្ទាត់ជាមួយនឹងជញ្ជីងរបស់អ្នកលក់ ថាតើគ្រប់គីឡូដែរឬអត់ ?ដូច្នេះធ្វើឲ្យពួកគាត់ មានការចំណេញ មិនខាតបង់ថវិកា ឬចាញ់បោកគេ៕សរន/PC