ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សេដ្ឋកិច្ចថៃបានត្រឡប់ទៅរកកំណើនវិញក្នុងត្រីមាសទីបួនឆ្នាំ២០២១ ដោយស្ទុះងើបឡើងវិញលឿនជាងការរំពឹងទុកដោយសារការនាំចេញដ៏រឹងមាំនិងការស្ទុះងើបឡើងវិញនៃសកម្មភាពក្នុងស្រុកបន្ទាប់ពីការបន្ធូរបន្ថយការទប់ស្កាត់មេរោគកូរ៉ូណា និងនៅពេលដែលព្រំដែនបានបើកឡើងវិញសម្រាប់ភ្ញៀវបរទេស។
រដ្ឋាភិបាលបានរក្សានូវទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ពី ៣,៥ភាគរយទៅ ៤,៥ភាគរយ ដោយសារតែផលប៉ះពាល់មានតិចតួចពីការផ្ទុះឡើងនៃមេរោគអូមីក្រុងតម្រូវការក្នុងស្រុកកាន់តែស្ទុះខ្លាំង ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងការគាំទ្រជាបន្តពីការនាំចេញនិងការវិនិយោគសាធារណៈ។
នៅឆ្នាំ ២០២១ សេដ្ឋកិច្ចថៃបានកើនឡើង ១,៦ ភាគរយ ដែលជាសេដ្ឋកិច្ចយឺតបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីបានធ្លាក់ចុះ ៦,១ ភាគរយក្នុងឆ្នាំ ២០២០។
ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ (NESDC)បានបង្ហាញថា សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍បានកើនឡើង ១,៨ ភាគរយនៅក្នុងត្រីមាសខែធ្នូធៀបនឹងបីខែមុននោះដោយលើសការព្យាករណ៍អំពីកំណើន ១,៤ ភាគរយនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងបន្ទាប់ពីព្យាករណ៍ឃើញការធ្លាក់ចុះ ០,៩ ភាគរយនៅក្នុងត្រីមាសទីបី។
លោក ដានូចា ពីចៃយ៉ាណាន (Danucha Pichayanan) ប្រធាន NESDC បានប្រាប់សន្និសីទសារព័ត៌មានមួយថា សេដ្ឋកិច្ចទំនងជាដំណើរការល្អនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ដោយផ្អែកលើសូចនាករនានារហូតមកទល់ពេលនេះ ប៉ុន្តែមានសម្ពាធអតិផរណាខ្លះ។
លោកបានបន្តថា “កត្តាជំរុញសំខាន់គឺការនាំចេញនិងការបញ្ចេញមូលនិធិសារពើពន្ធ ដោយមានវិស័យទេសចរណ៍និងការប្រើប្រាស់ក្នុងស្រុកជួយគាំទ្របន្ថែម”។
ធៀបនឹងឆ្នាំ២០២០ ផលិតផលក្នុងស្រុកសរុប (GDP)បានកើនឡើង ១,៩ ភាគរយក្នុងខែតុលាដល់ខែធ្នូ ដោយផ្តួលការព្យាករណ៍អំពីកំណើនត្រឹម ០,៧ភាគរយនិងបញ្ច្រាស់ការទស្សន៍ទាយអំពីការធ្លាក់ចុះសេដ្ឋកិច្ច ០,២ ភាគរយក្នុងរយៈពេលបីខែមុននោះ។
ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនរបស់ថៃ បានកើនឡើង ២១,៣ ភាគរយនៅក្នុងត្រីមាសខែធ្នូ ធៀបនឹងឆ្នាំមុន ខណៈដែលការប្រើប្រាស់ឯកជនបានកើនឡើង ០,៣ ភាគរយ។ មានភ្ញៀវទេសចរបរទេសប្រហែល ៣៤០.០០០ នាក់នៅក្នុងត្រីមាសទីបួន ឆ្នាំ ២០២១ គឺកើនឡើងពី ៤៥.០០០ នាក់នៅក្នុងរយៈពេលបីខែមុននោះ។
ថៃបានបន្តអនុវត្តឡើងវិញនូវការលើកលែងចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេសក្នុងខែនេះដើម្បីជួយស្តារវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ដែលជាធម្មតាមានចំណែកប្រហែល ១២ ភាគរយនៃ GDP ថៃ។
ទីភ្នាក់ងារផែនការរដ្ឋរំពឹងថានឹងមានភ្ញៀវទេសចរចំនួន ៥,៥ លាននាក់នៅឆ្នាំ ២០២២ ដោយកើនឡើងលើសពីការព្យាករណ៍ចំនួន ៥ លាននាក់កាលពីខែវិច្ឆិកា។ ប៉ុន្តែវានៅតែមានភ្ញៀវទេសចរបរទេសតិចជាង ៤០ លាននាក់ក្នុងឆ្នាំ ២០១៩ ដែលនេះបង្ហាញថាការស្ទុះងើបនៃសេដ្ឋកិច្ចនឹងមានភាពយឺតយ៉ាវនិងមិនស្មើគ្នា។
ទីភ្នាក់ងារនេះបានរក្សាការព្យាករណ៍កំណើនការនាំចេញរបស់ខ្លួននៅអត្រា ៤,៩ ភាគរយនៅឆ្នាំនេះ។
រដ្ឋាភិបាលបានដាក់ចេញនូវវិធានការសង្គ្រោះរាប់ពាន់លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ខណៈដែលធនាគារកណ្តាលបានរក្សាអត្រាការប្រាក់សំខាន់របស់ខ្លួនមិនឱ្យផ្លាស់ប្តូរក្នុងកម្រិតទាបបំផុត ០,៥០ ភាគរយចាប់តាំងពីខែឧសភា ឆ្នាំ ២០២០៕
សកម្មភាពសេដ្ឋកិច្ចថៃចាប់ផ្តើមរស់រវើកឡើងវិញក្រោយការបន្ធូរបន្ថយការទប់ស្កាត់កូវីដ