ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សហរដ្ឋអាម៉េរិកបានក្រើនរំលឹកដល់អង្គការសហប្រជាជាតិថា ខ្លួនមានព័ត៌មានថា រុស្ស៊ីមានបញ្ជីជនជាតិអ៊ុយក្រែន “ត្រូវសម្លាប់ ឬបញ្ជូនទៅជំរំ”នៅក្នុងព្រឹត្តិការណ៍នៃការលុកលុយ នេះបើយោងតាមលិខិតដែលផ្ញើទៅប្រធានសិទ្ធិមនុស្សរបស់អ.ស.ប និងទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន AFPកាលពីថ្ងៃអាទិត្យទី២០កុម្ភៈ។
សំបុត្រ ដែលបានកើតឡើងខណៈក្រុងវ៉ាស៊ីនតោនព្រមានអំពីការឈ្លានពានជិតមកដល់ដោយទាហានរុស្ស៊ីដែលប្រមូលផ្តុំនៅជិតព្រំដែនអ៊ុយក្រែន បាននិយាយថា សហរដ្ឋអាម៉េរិក”មានការព្រួយបារម្ភយ៉ាងខ្លាំង” និងព្រមានអំពី “មហន្តរាយសិទ្ធិមនុស្ស” ដែលអាចកើតមាន។
លិខិតនោះបាននិយាយថា សហរដ្ឋអាម៉េរិកមាន “ព័ត៌មានគួរឱ្យទុកចិត្ត ដែលបង្ហាញថាកងកម្លាំងរុស្ស៊ីកំពុងបង្កើតបញ្ជីឈ្មោះជនជាតិអ៊ុយក្រែនដែលត្រូវបានកំណត់អត្តសញ្ញាណត្រូវសម្លាប់ឬបញ្ជូនទៅកាន់ជំរំបន្ទាប់ពីការកាន់កាប់ដោយយោធា”។
សារ ដែលផ្ញើទៅកាន់ឧត្តមស្នងការអ.ស.បទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី មីសែល បាឆេឡេ (Michelle Bachelet)បាននិយាយថា “យើងក៏មានព័ត៌មានគួរឱ្យជឿជាក់ផងដែរថាកងកម្លាំងរុស្ស៊ីទំនងជានឹងប្រើវិធានការដ៍សាហាវដើម្បីបំបែកការតវ៉ាដោយសន្តិវិធីឬបើមិនដូច្នេះទេ វាយប្រហារលើការជំទាស់ដោយសន្តិវិធីពីប្រជាជនស៊ីវិល”។
លិខិត ដែលចុះហត្ថលេខាដោយលោកស្រី បាសេបា នែល ក្រុកឃើ (Bathsheba Nell Crocker) ជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអ.ស.បនៅទីក្រុងហ្សឺណែវ បានព្រមានថាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនអាចនាំមកនូវការរំលោភបំពានដូចជាការចាប់ពង្រត់ឬការធ្វើទារុណកម្ម ហើយអាចកំណត់គោលដៅអ្នកនយោបាយជំទាស់និងអ្នកកាន់សាសនានានា ព្រមទាំងជនជាតិភាគតិច។
សហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តលោកខាងលិចបានប៉ាន់ស្មានថា រុស្ស៊ីបានដាក់ពង្រាយទាហានជាង ១៥ ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ទីក្រុងមូស្គូបានបដិសេធថាខ្លួនមិនមានគម្រោងវាយប្រហារប្រទេសជិតខាងរបស់ខ្លួនទេ ប៉ុន្តែកំពុងស្វែងរកការធានាថា អ៊ុយក្រែននឹងមិនអនុញ្ញាតឱ្យចូលរួមជាមួយអង្គការណាតូហើយឱ្យសម្ពន្ធមិត្តលោកខាងលិចដកកងកម្លាំងចេញពីអឺរ៉ុបខាងកើត ជាការទាមទារមួយត្រូវបានលោកខាងលិចបដិសេធ៕
ទាហានអ៊ុយក្រែនដើរល្បាតនៅភូមិមួយនៅជិតតំបន់ដូណិតស៍