ដឹងមូលហេតុហើយស្ត្រីម្នាក់ស៊ីឈ្នួលមើលថែកូនឲ្យគេសារភាពថា គឺរអិលដួលជ្រុលដៃលូកចូលទ្វាមាសក្មេងតូចរងគ្រោះ

1453
ចែករម្លែក

​ភ្នំពេញ​៖ ដឹង​មូលហេតុ​ហើយ​ស្ត្រី​ម្នាក់​ស៊ីឈ្នួល​មើលថែ​កូន​ឲ្យ​គេ​ក្នុង​មួយខែ​ទទួលបាន​៤០​ដុល្លារ តែ​បែរជា​ស៊យ​មួយពេល ដោយបាន​រអិលដួល ជ្រុលដៃ​លូក​ចូល​ទ្វា​មាស​ក្មេង​តូច​រងគ្រោះ ដែល​ទើប​តែមាន​អាយុ​ជិត​១​ខួប បណ្តាល​ឲ្យ​ដាច់​ហូរឈាម​រងរបួស ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យ​គុន្ធបុប្ផា​។ ចំណែកឯ​ស្ត្រី​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយពី​មាន​ពាក្យបណ្តឹង​របស់​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​។

​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​ស្ថិតនៅ​ចំណុច​ផ្ទះ​ដែល​ជនសង្ស័យ​ស្នាក់នៅ​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ខាងលើ យកមក​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៩ ខែកក្កដា រហូតដល់​ព្រឹក​ថ្ងៃទី​២០​នេះ​ទើប​ស្ត្រី​ខាងលើ​សារភាព​ពី​ការពិត​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ឃាត់ខ្លួន​ខាងលើនេះ មានឈ្មោះ តូ ចាន់ណា មុខរបរ​ស៊ីឈ្នួល​មើលថែ​កូន​ឲ្យ​គេ ដោយ​មើល​តែ​ពេល​ថ្ងៃ​នោះទេ ពេលយប់​ម្តាយ​គេ​យកទៅ​វិញ ក្នុង​មួយខែ​ទទួលបាន​លុយ​ចំនួន​៤០​ដុល្លារ ស្នាក់នៅ​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ចំណែក​ក្មេងស្រី​តូច​រងគ្រោះ​មាន​វិញ មានឈ្មោះ រ​.​ច​.​ន ទើបតែ​មាន​អាយុ​១០​ខែ​កន្លះ​តែប៉ុណ្ណោះ ស្នាក់នៅ​ជាមួយនឹង​ឪពុកម្តាយ​។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​យក​កូនស្រី​តូច​ដែលមាន​អាយុ ១០​ខែ​កន្លះ (​ជនរងគ្រោះ​)​មក​ផ្ញើទុក​នឹង​ជនសង្ស័យ ដែលជា​អ្នក​មើលថែ​ក្មេង​ក្នុងតម្លៃ​៤០​ដុល្លារ​ក្នុង​មួយខែ លុះដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ដែលជា​ថ្ងៃកើតហេតុ​នោះ ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​បាន​ទូរ​សព្ទ​ហៅ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ មក​យក​កូន ព្រោះ​មាន​ឈាម​ហូរ​តាម​ប្រដាប់ភេទ និង​បាន​ប្រាប់​ពី​មូលហេតុ​អ្វី​នោះទេ​។ ក្រោយមក​ឪពុកម្តាយ​ក្មេងរងគ្រោះ​បានមក​យក​កូន និង​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​គុន្ធបុប្ផា​។ លុះដល់​ថ្ងៃទី​១៩ ខែកក្កដា ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​មិន​អស់ចិត្ត និង​មានការ​សង្ស័យ​ទើប​នាំគ្នា​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ទឹងមានជ័យ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​។

​ទើប​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​នេះ​រួចមក សមត្ថកិច្ច​បាន​នាំខ្លួន​ស្ត្រី​ជា​អ្នក​មើលថែ​ក្មេង​រួម និង​ប្តី​មក​សាកសួរ​នៅ​ប៉ុស្តិ៍ ប៉ុន្តែ​ស្ត្រី​ជា​ជនសង្ស័យ​មិនបាន​ឆ្លើយ​សារភាព​អ្វី​នោះទេ ដោយបាន​លាក់បាំង​ព័ត៌មាន​ជាមួយនឹង​សមត្ថកិច្ច ទើប​សមត្ថកិច្ច​សម្រេច​បើក​គណៈកម្មាធិការ​ចម្រុះ​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​ទៅលើ​ទ្វា​មាស​របស់​ក្មេងស្រី​រងគ្រោះ​ខាងលើ ទើប​ដឹងថា​មាន​របួស ដោយសារ​តែមាន​វត្ថុ​រឹង​លូក​ចូល ទើប​បណ្តាល​ឲ្យ​ដាច់​ទ្វា​មាស​ឈាម​បែបនេះ​។

​ក្រោយពី​ការពិនិត្យ​រួចមក នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​នេះ ទើប​ស្ត្រី​ខាងលើ សារភាពថា ខ្លួន​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ក្មេងស្រី​តូច​រងគ្រោះ​រងរបួស​បែ​ប​នេះ​នោះទេ ដោយ​មុនដំបូង​ឡើយ ខ្លួន​បាន​មើលថែ​ក្មេងស្រី​ខាងលើ​ឲ្យ​ដេក​នៅក្នុង​អង្រឹង តែ​ខណៈនោះ​ក្មេងស្រី​រងគ្រោះ​បាន​បត់ជើងធំ​ដាក់​អង្រឹង​ប្រឡាក់​ខ្លួន ទើប​គាត់​លើក​ក្មេងរងគ្រោះ​មក​បន្ទប់ទឹក ងូតទឹក​លាង​សម្អាត​ជាមួយនឹង​សាប៊ូ ខណៈនោះ​ស្រាប់តែ​គាត់​រអិលដួល ក៏​បណ្តាល​ឲ្យ​ដៃ​របស់គាត់​ដែល​កំពុងកាន់​លាង ជ្រុល​លូក​ចូល​ប្រដាប់ភេទ​ក្មេងរងគ្រោះ​បណ្តាល​ឲ្យ​មុត​នឹង​ក្រចកដៃ​របស់គាត់ ទើប​មាន​ឈាម​ហូរ​បែបនេះ​។ តែ​ភ្លាមៗ​គាត់​មិន​ហ៊ាន​ប្រាប់​ឪពុកម្តាយ​ក្មេង​នោះទេ ព្រោះ​ខ្លាច​គេ​ខឹង​រករឿង​គាត់ ទើប​គាត់​ព្យាយាម​លាក់​និង​ទូរ​សព្ទ​ហៅ​ឲ្យ​មក​យក​កូន បែបនេះ​។​ចំណែក​ប្តី​គាត់ មិនបាន​ដឹង​រឿង​អ្វី​នោះទេ​។

​តែ​ទោះបីជា​យ៉ាង​ក៏ដោយ ដោយមាន​ពាក្យបណ្តឹង​ពី​ឪពុកម្តាយ​របស់​ក្មេងស្រី​តូច​រងគ្រោះ រួម​និង​ការត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ផង​នោះ សមត្ថកិច្ច​បានសម្រេច​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ខាងលើ តាម​មាត្រា ២៣៦ នៃ​ក្រមព្រហ្មទណ្ឌ ពីបទ បង្ក​របួស​ដោយ​ចេតនា (​បណ្តាល​ឲ្យ​ក្មេង​អាយុ​ជិត​១​ខួប​ដួល​របួស​ដាច់​ទ្វា​មាស ) ចំណែក​បុរស​ជា​ប្តី​ដែល​មិន​ពាក់ព័ន្ធ សមត្ថកិច្ច​បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ​។

​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្តទៀត​៕ ដោយ៖ សាវរក្ស

ស្ត្រី​ដែល​ឃាត់ខ្លួន​មានឈ្មោះ តូ ចាន់ណា មុខរបរ​ស៊ីឈ្នួល​មើលថែ​កូន​ឲ្យ​គេ (​រូប​៖ សាវ​រក្ស​)​