​ដោយៈ សុផល / ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណ ការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ចូលរួម​ក្នុង​កិច្ចប្រជុំ ខួប​លើក​ទី​៧៥ នៃ​គណៈកម្មាធិការ​ដឹកជញ្ជូន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន លើក​ទី​៨៤ នៃ​គណៈកម្មាធិការ ដឹកជញ្ជូន (ITC) របស់​គណៈកម្មការ​សេដ្ឋកិច្ច សហប្រជាជាតិ សម្រាប់​អឺរ៉ុប (ECE) ។​

​កិច្ចប្រជុំ​នេះ បាន​ប្រារព្ធ​ធ្វើឡើង ក្រោម​ប្រធានបទ​៖ ការតភ្ជាប់ និង​ការជំរុញ​ការតភ្ជាប់ ការដឹកជញ្ជូន ប្រកបដោយ​ចីរភាព ដោយមាន​ការចូលរួម ពី​រដ្ឋមន្ត្រី​ដឹកជញ្ជូន នៃ​រដ្ឋ​ជា​សមាជិក តំណាង​អន្តររដ្ឋាភិបាល តំណាង​អង្គការ​អន្តរជាតិ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។

​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ពី​ចម្ងាយ​រយៈពេល​បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យមើល​ការងារ និង​សមិទ្ធផល​ការងារ សម្រេចបាន​របស់ គណៈកម្មាធិការ​ដឹកជញ្ជូន (ITC) របស់​គណៈកម្មការ​សេដ្ឋកិច្ច សហប្រជាជាតិ សម្រាប់​អឺរ៉ុប (ECE) ក៏ដូចជា ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ និង​ផ្តល់ អនុសាសន៍​ណែនាំ សម្រាប់​ពេលអនាគត ដោយ​ពិនិត្យ​លើ ប្រធានបទ​នានា និង​បញ្ហា ផ្សេងៗ ដូចជាៈ របៀបវារៈ​ឆ្នាំ​២០៣០ និង​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​និរន្តរភាព​នានា និង​ដើម្បី​ពិនិត្យ និង​ឈានទៅ​ចុះហត្ថលេខា លើ​សេចក្តីសម្រេច​ថ្នាក់​រដ្ឋមន្ត្រី ស្តីពី​ការដឹក ជញ្ជូន ប្រកបដោយ​ចីរភាព​។​

​ថ្លែង​សុន្ទរកថា​គន្លឹះ នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​តួនាទី យ៉ាងសំខាន់ នៃ​ការតភ្ជាប់​ការដឹកជញ្ជូន ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម របស់​ប្រទេស ផ្តល់ឱកាស​សម្រាប់​ការងារ ការបើក​ទីផ្សារ ការផ្គត់ផ្គង់ ធ្វើ​ពាណិជ្ជកម្ម​ក្នុងស្រុក និង​អន្តរជាតិ និង​លើកកម្ពស់​ទំនាក់ទំនង រវាង​ប្រជាជន និង​ប្រជាជន កាន់តែ​ស៊ីជម្រៅ នៅ​ជុំវិញ​ពិភពលោក​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថាៈ ក្នុង​រយៈពេល ពីរ​ទសវត្សរ៍ កន្លងមកនេះ កម្ពុជា​សម្រេច បាន​នូវ​ការផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ ក្នុងការ​ឈានដល់​ឋានៈ ជា​ប្រទេស​មាន​ចំណូល មធ្យម​កម្រិត​ទាប ក្នុង​ឆ្នាំ​២០១៥ និង​កំពុង​ឋិត​ក្នុង​គន្លង ឈានទៅ​សម្រេច​គោលដៅ ជា​ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០​។ កម្ពុជា​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត ក្នុង​ពិភពលោក ក្នុង​អត្រា កំណើន​ប្រចាំឆ្នាំ គិត​ជា​មធ្យម ៧,៧% រវាង​ឆ្នាំ​១៩៩៨ និង​២០១៩ ប៉ុន្តែ​ត្រូវបាន​ធ្លាក់ចុះ មក​នៅត្រឹម ៣,១% ក្នុង​ឆ្នាំ​២០២០ ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យប៉ះពាល់ ដល់​វិស័យ​នានា ដូចជា សេវាកម្ម សំណង់ អចលនទ្រព្យ និង​ទេសចរណ៍​ជាដើម​។​

​ទាក់ទង​នឹង​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ក្នុង​ការតភ្ជាប់​ការដឹកជញ្ជូន លោក​ទេស រដ្ឋមន្ត្រី បានបញ្ជាក់​ថាៈ កម្ពុជា​បាននិងកំពុង​វិនិយោគ យ៉ាងច្រើន លើ​ការអភិវឌ្ឍ​ហេ​ដ្ឋា រចនាសម្ព័ន្ធ ត​ភ្ជាប់​បណ្តាញ​ផ្លូវថ្នល់ ដែល​រួមមាន ផ្លូវជាតិ និង​ផ្លូវ​ខេត្ត មាន​ប្រវែង​សរុប ១៨ .១២៥ គីឡូម៉ែត្រ ក្នុងនោះ ៩.៨៩៦ គីឡូម៉ែត្រ ជា​ផ្លូវ​ក្រាល​កៅស៊ូ (AC) និង​ផ្លូវ​បេតុង ឬ​ស្មើនឹង ៥៤,៦០% នៃ​ប្រវែង​សរុប ស្ពាន​ធំៗ ចំនួន ២០ ត្រូវបាន​សាងសង់ អាកាសយានដ្ឋាន​ចំនួន​៣ ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង តាម​ស្តង់ដា​អន្តរជាតិ និង​អាកាស យានដ្ឋាន​ថ្មី ចំនួន ៣ ផ្សេងទៀត កំពុង​សាងសង់​។​

​បន្ថែម​ពីលើ​នេះ ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅ​កំពង់ផែ​សមុទ្រ ទឹក​ជ្រៅ ខេត្ត​ព្រះសីហនុ កំពុង​ត្រូវបាន​សាងសង់ គម្រោង​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ទីក្រុង​ហូជីមិញ ក៏ត្រូវ​បាន​សិក្សា​ផងដែរ​។ តាម រយៈ​កញ្ចប់​ថវិកាជាតិ គម្រោង​ផ្លូវ​ចំនួន ៣៧ ខ្សែ នៅ​ក្រុងព្រះសីហនុ ត្រូវបាន​ពង្រីក និង​ជួសជុល​ស្តារឡើងវិញ និង​ផ្លូវ​ចំនួន ៣៨ ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប លើទឹក​ដី នៃ​ប្រាង្គ​ប្រាសាទអង្គរវត្ត កំពុង​ត្រូវបាន​ពង្រីក និង​ធ្វើឱ្យ​ប្រសើរឡើង ដើម្បី​ត្រៀម​ស្វាគមន៍ ភ្ញៀវទេសចរ ត្រឡប់មកវិញ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថាៈ ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ដឹកជញ្ជូន មាន​សារសំខាន់ មិន​ត្រឹមតែ​តាម​ទស្សនៈ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា ថែមទាំង​មាន​សារសំខាន់ ក្នុង​ការជួយ​ជំរុញ ដល់​ការដឹកជញ្ជូន​សាធារណៈ ការតភ្ជាប់ ពី​តំបន់​មួយ ទៅ​តំបន់​មួយ ដើម្បី​ផ្គត់ផ្គង់ និង​ចែកចាយ​ទំនិញ ឱ្យ​កាន់តែ​ប្រសើរ និង​បាន​ស្នើឱ្យ​ដៃគូ អភិវឌ្ឍន៍​ចូលរួម ជាមួយ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ដឹកជញ្ជូន​កម្ពុជា ឱ្យ​កាន់តែ​មានការ​រីកចម្រើន​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក ស៊ុន ចាន់ថុល បានលើកឡើង អំពី​ការចូលរួម​របស់​កម្ពុ​ជា ជាមួយ​កិច្ច​ព្រម ព្រៀង​សម្របសម្រួល ការដឹកជញ្ជូន​ឆ្លង​ព្រំដែន (CBTA) ដើម្បី​ធានាឱ្យមាន​លំហូរ ដោយ​រលូន​នៃ​ទំនិញ សេវាកម្ម និង​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម និង​លើកកម្ពស់​សមត្ថភាព ប្រកួតប្រជែង​របស់​ប្រទេស​៕/V​