តារាចម្រៀង T.O.P. ត្រូវ​តុលាការ​កាត់ទោស​ជាប់គុក ១០ ខែ​ពីបទ​ជក់​កញ្ឆា​

1271
ចែករម្លែក

​តុលាការ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ កក្កដា​បាន​កាត់ទោស​ជាប់គុក ១០ ខែ​ដោយ​ព្យួរ ដល់​តារាចម្រៀង T.O.P. នៃ​ក្រុម​ចម្រៀង Big Bang ពីបទ​ប្រើប្រាស់​គ្រឿងញៀន បន្ទាប់ពី​គាត់​បាន​សារភាព​ទោសកំហុស និង សុំ​ការអត់ឱន​ទោស​ដើម្បី​បញ្ចៀស​ការជាប់គុក​។

​ការកាត់ទោស​ជាប់គុក​ព្យួរ​សម្រាប់​តារាចម្រៀង​អាយុ ២៩​ឆ្នាំ ដែល​ឈ្មោះ​ស្របច្បាប់​របស់គាត់​គឺ ឆ​យ សឹង​យុន នេះ ធ្វើឡើង​បន្ទាប់ពី​ការចោទប្រកាន់​ដោយ​មិនបាន​ចាប់ឃុំខ្លួន កាលពី​ខែ​មុន​ពីបទ​ប្រើប្រាស់​កញ្ឆា ៤ ដង ក្នុង​ខែតុលា ឆ្នាំ​២០១៦ ជាមួយ​តារាចម្រៀង​ហាត់​ការ​ម្នាក់​នៅផ្ទះ​គាត់​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​

​ការប្រើប្រាស់​កញ្ឆា​គឺ​ខុសច្បាប់ និង​ត្រូវបាន​ចាត់ទុកជា​បទល្មើស​ធ្ងន់ធ្ងរ​ក្នុង​កូរ៉េខាងត្បូង ប៉ុន្តែ​ការដាក់ទោសទណ្ឌ​ធ្ងន់ធ្ងរ​ត្រូវបាន​បន្ធូរបន្ថយ​កាលពីពេល​កន្លងទៅ​។

​ឆ​យ​បាន​ប្រាប់​អ្នកកាសែត​បន្ទាប់ពី​តុលា​ការចេញ​សាលក្រម យ៉ាង​ដូច្នេះ “​ខ្ញុំ​បាន​សារភាព​កំហុស​លើ​រាល់​ការចោទប្រកាន់​ទាំងអស់ និង​មានការ​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​ទង្វើ​របស់ខ្ញុំ​”​។ ឆ​យ​នឹងមិន​ប្តឹង​ឧទ្ធរណ៍​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

តារាចម្រៀង T.O.P. ផ្តល់​បទសម្ភាសន៍​ក្រោយ​តុលា​ការចេញ​សាលក្រម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ