ដោយៈសុផល/ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ខែកុម្ភៈបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿន លឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ វីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធ

កិច្ចប្រជុំកម្រិតបច្ចេកទេសនេះធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាព និងពិភាក្សាលើរបាយ ការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានី ភ្នំពេញទៅក្រុងបាវិត ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសំដៅឱ្យរបាយការណ៍នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះលោកទេសរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ផ្តល់មតិយោបល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងបញ្ហាបច្ចេកទេសដើម្បីបំពេញបន្ថែមចំណុចខ្វះក្នុងរបាយការណ៍នេះ។

គួរបញ្ជាក់ថា៖ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតគឺជាគម្រោងមួយក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដែលរួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី ៤ ។ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាផ្លូវល្បឿនលឿនទី ២ នៅកម្ពុជាបន្ទាប់ពីការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ៕សរន